នាយករដ្ឋមន្រ្តីហ៊ុន សែន÷កម្ពុជា មានមាស៣តោនជាទុនបម្រុង
រាជធានីភ្នំពេញ÷ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាមានមាសសុទ្ធចំនួន ៣០ តោន ជាទ្រព្យបម្រុងសម្រាប់ដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលអាចកើតមានឡើង។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំពរ័ក្នុងស្រុក(ភ្នំពេញប៉ុស្ត៍)។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ នៅទីក្រុងភ្នំពេញកាលពីថ្ងៃពុធ លោក ហ៊ុន សែន បានថ្លែងថា៖ «មាស ៣០ តោន ក្នុងនោះតម្កល់នៅប្រទេសស្វ៊ីសចំនួន ១២ តោន នៅទីក្រុងឡុងដ៍ប្រទេស អង់គ្លេស ចំនួន ១៥ តោន និង ៣ តោនតម្កល់នៅធនាគារជាតិនៃកម្ពុជា»។
លោកនាយករដ្ឋមន្ត្រីកន្លងមកក៏ធ្លាប់លើកឡើងថា កម្ពុជានៅមានទុនបម្រុងអន្តរជាតិដែលអាចឲ្យកម្ពុជាទូទាត់ការនាំចូលទំនិញ និងសេវាបាន ៥ ខែក្នុងករណីចាំបាច់។
ការលើកឡើងពីទុនបម្រុងអន្តរជាតិរបស់កម្ពុជាពីសំណាក់លោកនាយករដ្ឋមន្ត្រីចំពេលដែលប្រទេស កម្ពុជា កំពុងស្ថិតក្នុងភាពមិនច្បាស់លាល់នៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបដែលត្រូវបានគេចាត់ទុកថានឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែលពឹងផ្អែកលើវិស័យកាត់ដេរ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីខែសីហាបានអំពាវនាវដល់សហភាពអឺរ៉ុបកុំឲ្យដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាដោយអះអាងថា នឹងធ្វើឲ្យប៉ះពាល់ដល់កម្មករក្នុងវិស័យនេះ ៧៥០ ០០០ នាក់ និងគ្រួសារ ៣ លាននាក់។
ក្រៅពីការអះអាងពីទុនបម្រុងជា មាស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា គិតត្រឹមខែកញ្ញា អតិរេកថវិការបស់ប្រទេសកម្ពុជាមានជាង ១៥ ពាន់លានដុល្លារ ដោយមិនគិតពីប្រាក់បម្រុងទុកអន្តរជាតិ។
លោក ហ៊ុន សែន ថ្លែងទៀតថា ចំណូលពន្ធគយឆ្នាំនេះនឹងទទួលបានលើសផែនការកំណត់ប្រមាណ ៨០០ លានដុល្លារ ដែលបច្ចុប្បន្នចំណូលពីពន្ធគយសរុប ២ ៣៨៤ លាន ដុល្លារក្នុងនោះប្រទេសកម្ពុជាទទួលបានប្រាក់ចំណូលពីពន្ធគយជាង ៥០០ លានដុល្លារ ក្នុងមួយខែៗដោយត្រូវចំណាយទៅវិញប្រហែល ៣០០ លានដុល្លារ។
លោកបានថ្លែងថា៖ «ដូច្នេះយើងសន្សំក្នុងមួយខែបានប្រហែល ២០០ លានដុល្លារ យើងមានប្រាក់វិនិយោគរបស់ខ្លួនឯងដោយមិនរង់ចាំស្អីក៏ពីបរទេសៗនោះទេ»។
ប្រទេសកម្ពុជាកំពុងប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ខណៈគណៈកម្មការអឺរ៉ុបកាលពីខែសីហាបានបញ្ចប់នីតិវិធីរយៈពេល ៦ ខែក្នុងការឃ្លាំមើល និងការពិគ្រោះផ្សេងៗក្នុងនីតិវិធីផ្អាកប្រព័ន្ធ EBA សម្រាប់ប្រទេសកម្ពុជា។
រដ្ឋាភិបាលកម្ពុជាធ្លាប់បានលើកឡើងថា ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវបានដកទាំងស្រុងនោះកម្ពុជានឹងខាតបង់ប្រាក់ប្រមាណជិត ៧០០ លានដុល្លារ ក្នុង ១ ឆ្នាំ ដោយការបង់ពន្ធ។
ទោះបីបែបនេះក្តី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាក្នុងអត្រា ៧ ភាគរយ នៅឆ្នាំនេះ និង ៦,៨ ភាគរយ ក្នុងឆ្នាំ ២០២០៕