ព័ត៌មានជាតិ

រដ្ឋាករទឹក​អំពាវនាវ​ឱ្យ​ពលរដ្ឋ ប្រើប្រាស់​ទឹក ដោយ​សន្សំសំចៃ​ ក្នុងរដូវប្រាំងនេះ

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នៅ​ថៃ្ង​ទី​២៣ ខែមីនា ឆ្នាំ​២០២៣ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ផ្គត់ផ្គង់​ទឹក ក្នុង​រដូវប្រាំង ឆ្នាំ​២០២៣ និង​ដំណោះស្រាយ ដែល​ក្នុងនោះ រដ្ឋាករទឹក សុំ​ការយោគយល់ និង​អធ្យាស្រ័យ ចំពោះ​ការខ្វះ​ទឹក​ប្រើប្រាស់ នៅ​រដូវប្រាំង និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ ប្រើប្រាស់​ទឹក ដោយ​សន្សំសំចៃ​។​

​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ពណ៌នា​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ថាៈ ចាប់ពី​ដើមខែ​កុម្ភៈ ដល់​ខែមីនា ឆ្នាំ​២០២៣ នេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (​រ​.​ទ​.​ស​.​ភ​) បានទទួល​ព័ត៌មាន អំពី​ការមិន​ពេញចិត្ត​របស់​អតិថិជន ពាក់ព័ន្ធ​នឹង​បញ្ហា ខ្វះ​ទឹក​ប្រើប្រាស់ ទឹក​មាន​សម្ពាធ​ខ្សោយ និង​គ្មាន​ទឹក ក្នុង​បណ្តាញទឹក ជាដើម​។ បញ្ហា​ទឹក​មាន​សម្ពាធ​ខ្សោយ ភាគច្រើន កើតឡើង​នៅក្នុង​សង្កាត់ ៣១/១១៥ ជាយ រាជធានី​ភ្នំពេញ ដែលមាន​ជាអាទិ៍ សង្កាត់​ស្វាយប៉ាក​, ៦​សង្កាត់ នៃ​ខណ្ឌ​សែន​សុខ​, សង្កាត់​គោក​រការ​, សង្កាត់​ក្រាំងធ្នង់​, សង្កាត់​សម្រោងក្រោម​, សង្កាត់​ស្នេ​, សង្កាត់​ភ្លើង​ឆេះ​រទេះ​, សង្កាត់​ពងទឹក​, សង្កាត់​កន្ទោក​, សង្កាត់​កំបូល​, សង្កាត់​ចោមចៅ​១, ២, និង ៣, សង្កាត់​កា​កាប​១, និង​២, សង្កាត់​ព្រៃវែង​, សង្កាត់​ព្រៃ​ស​, សង្កាត់​ជើងឯក​, សង្កាត់​ស្ទឹងមានជ័យ ១,២ និង​៣, សង្កាត់​ព្រែកកំពឹស​, សង្កាត់​ព្រែក​ហូរ​, សង្កាត់​ស្វាយ​រលំ​, សង្កាត់​ព្រែក​ថ្មី​, សង្កាត់​ក្បាលកោះ​។​

​រ​.​ទ​.​ស​.​ភ ចាត់ទុក​កង្វល់​របស់​អតិថិជន គឺជា​កង្វល់ និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន និង​សូម​អតិថិជន ដែល​ជួប​បញ្ហា​ទឹកស្អាត​ទាំងអស់ មេត្តា​យោគយល់​, អធ្យាស្រ័យ​, ខន្តី​អភ័យទោស និង​សូមមេត្តា​ជឿជាក់ថា រ​.​ទ​.​ស​.​ភ នឹងធ្វើ​ការដោះស្រាយ​បញ្ហា ខ្វះ​ទឹកស្អាត​ប្រើប្រាស់​បាន ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ និង​ជា​ជំហានៗ ចាប់ពី​ខែឧសភា ឆ្នាំ​២០២៣ តទៅ​។ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកស្អាត សម្រាប់​ទាំងអស់គ្នា​បាន រ​.​ទ​.​ស​.​ភ សូម​ជូន​ព័ត៌មាន ត្រឡប់​, វិធានការ​ដោះស្រាយ និង​សំណូមពរ​ជូន​អតិថិជន ទាំងអស់ មេត្តា​ចូលរួម​សហការ ដូចខាងក្រោម​៖

​យោងតាម​របាយការណ៍​សិក្សា​តម្រូវការ​ទឹក​របស់ រ​.​ទ​.​ស​.​ភ ឆ្នាំ​២០១៦-២០៣០ បាន​បង្ហាញថា រាជធានី​ភ្នំពេញ មាន​និន្នាកា​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​នា​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ និង​ចាប់ផ្ដើម​ខ្វះ​ទឹក​ប្រើប្រាស់ ចាប់ពី​ឆ្នាំ​២០១៨ រហូតដល់​ឆ្នាំ ២០២៣ ។ ជាក់ស្ដែង នៅ​ឆ្នាំ​២០២៣ នេះ តម្រូវការ​ទឹក​ប្រើប្រាស់ បាន​កើនឡើង ជាង ៨៩ ម៉ឺន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ នៅពេលដែល​សមត្ថភាព​ផលិត​ទឹក​ជាក់ស្តែង​របស់ រ​.​ទ​.​ស​.​ភ មាន​ប្រមាណ​តែ ៦៤ ម៉ឺន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ​តែប៉ុណ្ណោះ​។ មានន័យថា រ​.​ទ​.​ស​.​ភ ខ្វះ​ទឹក​ផ្គត់ផ្គង់​ចំនួន ២៥ ម៉ឺន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ​។​

​ស្ថិតក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​, ក្រសួង​អាណា​ព្យា​ល​, ក្រុមប្រឹក្សាភិបាល​, បាន​យល់​អំពី​សភាពការណ៍​ខ្វះ​ទឹកស្អាត​ប្រើប្រាស់ និង​បាន​ជួយ​គាំទ្រ រ​.​ទ​.​ស​.​ភ យ៉ាង​ពេញទំហឹង ក្នុងការ​ផ្តល់ទុន​វិនិយោគ ដើម្បី​ឲ្យ រ​.​ទ​.​ស​.​ភ មានលទ្ធភាព​សាងសង់ រោងចក្រ​ផលិត​ទឹក​ថ្មី ដែលមាន​សមត្ថភាព​អាច​ផលិត​ទឹកស្អាត​បាន ក្នុង​បរិមាណ ៤០ ម៉ឺន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ និង​បំពង់​ចែក​ទឹក​ថ្មី ជិត ១ ពាន់​គីឡូម៉ែត្រ ដើម្បី​ដោះស្រាយ បញ្ហា​ខ្វះ​ទឹកជា​ជំហានៗ ឲ្យ​ខាងតែបាន ចាប់ពី​ឆមាស​ទី​១ ឆ្នាំ​២០២៣ នេះ​តទៅ​។​

​រ​.​ទ​.​ស​.​ភ សង្ឃឹម​ជឿជាក់ថា នៅ​ដើមខែ​ឧសភា ឆ្នាំ​២០២៣​នេះ រោងចក្រ​ផលិត​ទឹក ស្អាត​ថ្មី នឹង​ផលិត​ចែកចាយ​ទឹកស្អាត​បាន ក្នុង​បរិមាណ ២០ ម៉ឺន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ បន្ថែម​លើ​សមត្ថភាព​ផលិត​បច្ចុប្បន្ន ៦៤ ម៉ឺន ម៉ែត្រគូប ក្នុង​មួយថ្ងៃ​។ ពោលគឺ រ​.​ទ​.​ស​.​ភ មាន​សមត្ថភាព​ផលិត ៨៤ ម៉ឺន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ ធៀប​នឹង​តម្រូវការ​ទឹកស្អាត ៨៩ ម៉ឺន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ និង​មានន័យថា រ​.​ទ​.​ស​.​ភ បាន​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹកស្អាត បាន​ជាង ៩០% ហើយ​។

ដោយឡែក ចាប់ពី​ដើមឆ្នាំ​២០២៤ រ​.​ទ​.​ស​.​ភ នឹង​អាច​ផលិត ទឹកស្អាត​បាន ២០ ម៉ឺន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​សមត្ថភាព​សរុប របស់ រ​.​ទ​.​ស​.​ភ មាន​រហូតដល់​ជាង ១ លាន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ​។​

​សរុបសេចក្តី​មក ចាប់ពី​ដើមឆ្នាំ​២០២៤ តទៅ សមត្ថភាព​ផលិត​ទឹកស្អាត​របស់ រ​.​ទ​.​ស​.​ភ មាន​ជាង ១ លាន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ ធៀប​នឹង​ការព្យាករណ៍​តម្រូវការ​ទឹក ដែលមាន​ប្រមាណ ៩០ ម៉ឺន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ​។ មានន័យថា អតិថិជន​រស់នៅ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ទាំងអស់ មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ គឺជា​វិធានការ​របស់ រ​.​ទ​.​ស​.​ភ ក្រោម​ការជួយ ឧបត្ថម្ភ​គាំទ្រ​ពី រាជរដ្ឋាភិបាល​, ក្រសួង​អាណាព្យាបាល​, ក្រុមប្រឹក្សាភិបាល​, អាជ្ញាធរ​ដែនដី ទាំង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​។ ដោយឡែក ការចូលរួម​ដោះ ស្រាយ​បញ្ហា​ខ្វះ​ទឹក ពី​សំណាក់​អតិថិជន ក៏​ជា​កត្តា​គន្លឹះ​មួយ​ដែរ ដែល រ​.​ទ​.​ស​.​ភ សូម អំពាវនាវ​ដល់​អតិថិ​ជន​ទាំងអស់ ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ មេត្តាជួយ សន្សំសំចៃ​ទឹកស្អាត ដើម្បី​ផ្តល់​ក្តី​ករុណា និង​ចែករំលែក​ទឹក ទៅដល់​អតិថិជន​ផ្សេងទៀត ជាពិសេស​អតិថិជន​រស់នៅ ក្នុង​តំបន់​ជាយក្រុង និង​សូមមេត្តា​ចូលរួម​ផ្ដល់ព័ត៌មាន ឬ​សាកសួរ​អំពី​កង្វះ​ទឹកស្អាត មកកាន់ រ​.​ទ​.​ស​.​ភ ដោយផ្ទាល់ តាមរយៈ​លេខ​ទូរស័ព្ទ ០៩៧ ៧៧ ១១១ ៦៧ លោក សោម សុវណ្ណ ឬ លេខ​ទូរស័ព្ទ ០៩៧ ៧៧ ១១១ ៧៩ លោក ផេង ទី ឬ ហ្វេ​ស​ប៊ុ​ក​ផេ​ក របស់ រ​.​ទ​.​ស​.​ភ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *