ព័ត៌មានជាតិ

ស្ពានបេតុងខ្សែកាបឫស្សីកែវ គ្រោងនឹងបញ្ចប់ការសាងសង់នៅដើមខែមេសា

គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាបឫស្សីកែវ សម្រេចបាន ៩៣ភាគរយ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើម ខែមេសា ឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។

ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វា ខណ្ឌជ្រោយចង្វា បានឈានដល់ការតភ្ជាប់តួស្ពានហើយ ដោយនៅព្រឹកនេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់ស្ពានបេតុងខ្សែកាប។

ស្ពានបេតុងខ្សែកាបនេះ មានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង, កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ម៉ែត្រ។ សរសរសម្រាប់ព្យួរខ្សែកាបមានសរសរចំនួន ៤, គន្លងខ្សែយានយន្តទទឹង ៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ ២ខ្សែ ទៅ និង២ខ្សែ មក, កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ, កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅរដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរ។ ស្ពាននេះសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេល ២៨ខែ។

ក្រោយការស្ថាបនារួចរាល់ ស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វា ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *