ព័ត៌មានជាតិ

ដីតំបន់អាជ្ញាធរអប្សរា ប្រជាពលរដ្ឋមិនអាចសង់សំណង់បាន តែមន្រ្តីអាច​សង់ភូមិគ្រឹះបាន

(សៀមរាប)៖ ភូមិគ្រឹះមួយ​កន្លែង​ដែល​គេ​ដឹងថា គឺជារបស់ប្រធានមន្ទីរផែនការខេត្តសៀមរាប កំពុង​តែ​សាងសង់យ៉ាងរលូន​នៅ​ចំណុច​ភូមិ​វាល សង្កាត់គោកចក ក្រុង​សៀមរាប ខាងកើតវត្តប្រាសាទគោកចក ប្រមាណជាង​២០០ម៉ែត្រ ខណៈ​ដែលពលរដ្ឋ​ផ្សេង​ទៀត​មិន​អាច​សាងសង់បាន ព្រោះតែទីតាំងនោះ​ស្ថិត​នៅ​ក្នុង​តំបន់អាជ្ញាធរ​អប្សរា។

ការសាងសង់ភូមិគ្រឹះ ក្នុងដែនគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដោយគ្មានច្បាប់អនុញាតិនេះ ប្រជាពលរដ្ឋក្នុងតំបន់នោះ បានលើកឡើងថា ពួកគាត់ត្រឹមតែសង់ផ្ទះតូចតាចសម្រាប់រស់នៅ ឬក៏ធ្វើទ្រុងមាន់ទ្រុងទា ក៏ត្រូវបានហាមឃាត់យ៉ាងតឹងរឹងបំផុតពីអាជ្ញាធរជាតិអប្សរាដែរ តែប៊ូទិកដ៏ធំស្គឹមស្គៃរបស់លោកប្រធានមន្ទីរផែនការ បែរជាគេអាចសាងសង់បាន​ដោយ​គ្មាន​ការហាមឃាត់ឡើយ។ ជាមួយ​គ្នា​នេះ ពួកគាត់បានលើកជា​សំណួរថា តើនេះជាអំណាចបុគ្គល ឬក៏មានអ្វីនៅពីក្រោយសំណង់នេះ?

ជុំវិញករណីនេះ លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្តសៀមរាប បានថ្លែងបដិសេធ ដោយថា សំណង់នេះមិនមែនជារបស់លោកឡើយ ដោយ​ផ្ទះរបស់លោកនៅភូមិផ្សេងទេ។

យ៉ាងណាក៏ដោយ មន្ត្រីរបស់អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា សំណង់ខាងលើនេះ គឺជារបស់លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្តសៀមរាប និងប្រពន្ធ ហើយកន្លងមកខាងអាជ្ញាធរអប្សរា​បានចុះទៅហាមឃាត់​ជាច្រើនដងហើយ តែ​គេ​នៅ​តែលួចសាងសង់ទាំងបំពាន ហើយពេលនេះ​អាជ្ញាធរជាតិអប្សរា បាននឹងកំពុងដាក់ពាក្យបណ្តឹងទៅតុលាការ ហើយរង់ចាំដីការសម្រេចពីតុលាការក្នុងការអនុវត្តរុះរើនោះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *