កម្ពុជាទទួលបានជោគជ័យក្នុងការបន្ថយអត្រាពន្ធបដិការពីសហរដ្ឋអាមេរិក ពី ៤៩% មក ៣៦%
ជាលទ្ធផលនៃការចរចាដោយសុចរិត និងស្មោះត្រង់របស់រាជរដ្ឋាភិបាលកម្ពុជា សហរដ្ឋអាមេរិកបានសម្រេចបន្ថយអត្រាពន្ធបដិការលើទំនិញនាំចូលពីកម្ពុជា ពី ៤៩% មកត្រឹម ៣៦% ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៥។ នេះបើយោងតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃនេះ។
ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងថា ការបន្ថយអត្រាពន្ធនេះឆ្លុះបញ្ចាំងពីជោគជ័យដំបូងគេក្នុងដំណាក់ការចរចាជាមួយសហរដ្ឋអាមេរិក ដោយកម្ពុជាទទួលបានអត្រាពន្ធទាបជាងប្រទេសដទៃដូចជា ឡាវ មីយ៉ាន់ម៉ា ឬជប៉ុន (ដែលមានអត្រាពន្ធឡើងពី ២៤% មក ២៥%)។ លោកបញ្ជាក់ថា “ការទទួលបាននេះបង្ហាញពីសុចរិតភាពរបស់កម្ពុជា ហើយយើងនឹងបន្តចរចាដើម្បីបន្ថយអត្រានេះទៀត តាមរយៈការបើកឱកាសពីសំណាក់សហរដ្ឋអាមេរិក។”
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ”ខ្ញុំសូមជំរាបថាពន្ធបដិការនេះនឹង ចូលជាធរមានថ្ងៃទី១ ខែ សីហា ឆ្នាំ២០២៥ក្នុងករណីយើងមិនមានការចរចាបន្ថែមទៀតជាមួយប្រទេសសហរដ្ឋអាមេរិកទេ។ទោះបីយ៉ាងណាក្នុងលិខិតរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ត្រាំ បានផ្ញើរជូនសម្តេចបវរ ធិបតី ហ៊ុន ម៉ាណែត គឺបើកឱកាសឱ្យយើងទៅចរចា បន្ថែមទៀតឱ្យបានមុនថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២៥”។
ជាមួយគ្នាកម្ពុជាក៏សូមថ្លែងអំណរគុណដល់ប្រធានាធិបតី សហរដ្ឋអាមេរិកដែលបានបញ្ចុះអត្រាពន្ធជូនដល់កម្ពុជាពី ៤៩មកត្រឹម ៣៦ភាគរយ ហើយយើងនឹងបន្តចរចា ដើម្បីបន្ថយអត្រាពន្ធនេះផង និងក៏ដូចជាពង្រឹងពង្រីកលើវិស័យពាណិជ្ជកម្មទ្វេរភាគី រវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ក្រុមហ៊ុននៅកម្ពុជា និងប្រជាពលរដ្ឋឲ្យជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការការពារផលប្រយោជន៍ជាតិ។ ឯកឧត្តមបានលើកឡើងពីវឌ្ឍនភាពវិនិយោគក្នុង៦ខែដំបូងនៃឆ្នាំ២០២៥ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍បានអនុម័តគម្រោងវិនិយោគ៣៩៦ ដែលមានទឹកប្រាក់សរុប៦ពាន់លានដុល្លារ និងរំពឹងបង្កើតការងារ២៧១ពាន់តំណែង។
“យើងមានការងារច្រើនសម្រាប់ប្រជាពលរដ្ឋដែលចង់ត្រឡប់មកធ្វើការក្នុងស្រុក”
គួរបញ្ជាក់ថាកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពី ប្រទេសកម្ពុជាដល់ទៅ ៤៩ភាគរយ ដោយសារសហរដ្ឋអាម៉េរិក មានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយកម្ពុជាក្នុងកម្រិត ៩៧ភាគរយរួចមក៕