កម្ពុជាច្រានចោលការចោទថា កម្ពុជាពឹងក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង វាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ, តែផ្ទុយទៅវិញ Hacker ថៃកំពុងព្យាយាមវាយប្រហារសាយប័ររដ្ឋាភិបាលកម្ពុជា
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈសេចក្តីប្រកាសនៅថ្ងៃនេះ បានធ្វើការច្រានចោលនូវចំពោះការលើកឡើងរបស់បណ្តាញសង្គមព័ត៌មាននៅថៃ ដែលចោទថា កម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង វាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង ដូចការចោទប្រកាន់នេះទេ។ ក្រសួងយល់ឃើញថា ការចោទប្រកាន់នេះ ជាចេតនាអាក្រក់របស់ថៃ ដើម្បីបង្អួចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។
ផ្ទុយទៅវិញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានសង្កេតឃើញថា ក្រុមចោរបច្ចេកវិទ្យា (Hacker) ថៃឈ្មោះ BlackEye-Thai បានវាយប្រហារសាយប័រ មកលើប្រព័ន្ធអនឡាញ របស់រដ្ឋាភិបាលកម្ពុជាស្ទើរ តែទាំងអស់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ តែត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារសុវត្ថិភាព និងទទួលរងការប៉ះពាល់តិចតួច។
ជាមួយគ្នានេះក្រសួងក៏អំពាវនាវសូមសាធារណជនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ទៅលើព័ត៌មានមិនពិតដែលផ្សព្វផ្សាយលើបណ្តាញសង្គម៕