ក្រសួងអប់រំ កំណត់ការប្រឡងថ្នាក់ជាតិសម្រាប់សាលារដ្ឋ និងសាលាឯកជន
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម រស់ សុវាចា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា កំណត់ការប្រឡងថ្នាក់ជាតិសម្រាប់សាលារដ្ឋ និងសាលាឯកជនដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯងដូចតទៅ÷
-សម័យប្រឡងឌីប្លូមថ្នាក់ជាតិ គឺ ១៥ វិច្ឆិកា ២០២១÷ ក្រសួងអប់រំ យុវជននិងកីឡា ប្រគល់សិទ្ធិអំណាចនិងការទទួលខុសត្រូវទាំងស្រុងជូនដល់គ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រលង។
មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនបុគ្គលិកអប់រំនៅការិយាល័យជំនាញដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួនក្នុងករណីចាំបាច់។
-សម័យប្រឡងបាក់ឌុបថ្នាក់ជាតិ គឺ ថ្ងៃទី០៦ ធ្នូ ២០២១÷ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ត្រូវធ្វើសំណើរមណ្ឌលប្រឡងបាក់ឌុបជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យ និងសម្រេចតាមឋានានុក្រម។
ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យសាលាឯកជនរៀបចំការប្រឡងឌីប្លូម និងបាក់ឌុបនៅតាមសាលាឯកជនរៀងៗខ្លួនដូចតទៅ÷
-សម័យប្រឡងឌីប្លូមសាលាឯកជន គឺ ១១ តុលា ២០២១÷ សាលាឯកជនត្រូវរៀបចំមណ្ឌលប្រឡង បន្ទប់ប្រឡង រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជននិងកីឡា រាជធានីខេត្តដើម្បីពិនិត្យនិងសម្រេច។
-សម័យប្រឡងបាក់ឌុបសាលាឯកជន គឺ ២៥ តុលា ២០២១÷ សាលាឯកជនត្រូវរៀបចំមណ្ឌលប្រឡងដាច់ដោយឡែកពីគ្នារវាងថ្នាក់វិទ្យាសាស្ត្រនិងថ្នាក់វិទ្យាសាស្ត្រសង្គម រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡាតាមរយៈមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តដើម្បីពិនិត្យនិងសម្រេច។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងករណីសាលាឯកជនមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង ត្រូវចូលរួមប្រឡងជាមួយសិស្សនៃសាលារដ្ឋនៅពេលក្រោយ តាមការជូនដំណឹងរបស់ក្រសួង។
ការប្រឡងឌីប្លូមនិងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព៕