៤ខែឆ្នាំ២០២៥ កម្ពុជារកចំណូលជាង ១៤៩ លានដុល្លារ ពីការនាំចេញកៅស៊ូ
កម្ពុជាបាននាំចេញផលិតផលកៅស៊ូរហូតដល់ ១៤៩លានដុល្លារអាមេរិក ក្នុងរយៈពេលតែ៤ខែដំបូងនៃឆ្នាំ២០២៥។ តួលេខនេះត្រូវបានផ្សព្វផ្សាយដោយអគ្គនាយកដ្ឋានកៅស៊ូ នៅក្នុងរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃនេះ។
គួរជំរាបជូនថា តម្លៃជ័រកៅស៊ូក្នុងទីផ្សារពិភពលោកបានកើនដល់ ១,៩២៦ ដុល្លារក្នុង១តោន ក្នុងខែមេសា២០២៥ ដែលកើនឡើង ៤៦១ ដុល្លារ (៣១,៤៧%) ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ ចំណែកឈើកៅស៊ូមានតម្លៃជាមធ្យម ២៣៣ ដុល្លារក្នុង១ម៉ែត្រគីប។
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុប ៤២៥,៤៤៣ ហិកតា ដែលក្នុងនោះ ៣៣០,២៥៩ ហិកតា (៧៨%) ជាដីចៀរជ័រ ៩៥,១៨៤ ហិកតា (២២%) ជាដីថែទាំ។
ក្រៅពីនាំចេញ ជ័រកៅស៊ូកម្ពុជាត្រូវបានផ្គត់ផ្គង់ដល់ រោងចក្រផលិតសំបកកង់រថយន្តចំនួន៣ ដែលស្ថិតនៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។
ក្នុងឆ្នាំ២០២៤ កម្ពុជាបានរកចំណូលសរុប ៦៦៦ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និង ៥,៤ លានដុល្លារ ពីឈើកៅស៊ូ។ តួលេខឆ្នាំ២០២៥ បង្ហាញពីកំណើនយ៉ាងខ្លាំង ដែលអាចនាំឲ្យប្រទេសឈានទៅរកការកើនឡើងនៃចំណូលនាំចេញក្នុងឆ្នាំនេះ។ អ្នកជំនាញព្រាងទុកថា បើស្ថានភាពសេដ្ឋកិច្ចអន្តរជាតិមិនអាក្រក់ទេ កម្ពុជាអាចសំរេចបាននូវកំណើនថ្មីក្នុងការនាំចេញកៅស៊ូនាពេលខាងមុខ៕