ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា តាមបណ្តាខេត្ត និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា តាមបណ្តាខេត្ត និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។ នេះយោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ១-តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។

២-តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបូព៌មានល្បឿនមធ្យម២,៥ ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ស្ពឺ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។

៣-តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣២°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម១,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី២៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕