ដំណឹងល្អ! ស្ពានឆ្លងទន្លេភ្នំពេញ-អរិយក្សត្រនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៥
បន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេលជាយូរនូវគម្រោងស្ពានឆ្លងទន្លេតភ្ជាប់រវាងភ្នំពេញ និងក្រុងអរិយក្សត្រ ពេលនេះភាគីកូរ៉េ បានសន្យានឹងគម្រោងស្ពាននេះ ដែលនឹងបើកការដ្ឋានសាងសង់ ឬចុះបឋមសិលាសាងសង់នៅឆ្នាំ២០២៥ខាងមុខនេះហើយ។ នេះបើតាមឯកឧត្តម Park Jung-wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្លែងប្រាប់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា ឯកឧត្តមតែងតែតាមដានដំណើរការលើគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេភ្នំពេញអរិយក្សត្រនេះយ៉ាងយកចិត្តទុកដាក់ និងបានលើកឡើងថា ការរៀបចំសាងសង់ស្ពាននេះមានដំណើរការទៅរលូន ហើយនឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ខាងមុខនេះ។
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានថ្មីនេះគឺទទួលបានប្រាក់កម្ចីពីប្រទេសកូរ៉េ និងបានចុះហត្ថលេខាក្នុងទំហំទឹកប្រាក់ជិត ២៤៦ លានដុល្លារ កាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ តាមគម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ចំនួន ២ ខ្សែ ដោយខ្សែទី១តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ។រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសកូរ៉េ បានដាក់ក្តីសង្ឃឹមថា ស្ពាននេះនឹងជួយរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពកម្ពុជា-កូរ៉េ ហើយប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ ដើម្បីទាក់ទាញក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជា និងបន្តពង្រីកលើវិស័យនានាបន្ថែមទៀត ហើយកិច្ចសហប្រតិបតិ្តការដ៏រឹងមាំរវាងប្រទេសទាំងពីរ នឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍនៅតំបន់អាស៊ាន ក៏ដូចជាតំបន់មេគង្គ៕