ព័ត៌មានជាតិ

កាកសំណល់ជាង ៨០តោន ត្រូវបានប្រមូលចេញពីទន្លេទាំង៣ ក្នុងរាជធានីភ្នំពេញ រយៈពេលជាង៤ខែចុងក្រោយនេះ

កាកសំណល់ប្រមាន ៨០, ៦៩តោន ត្រូវបានប្រមូលចេញពីទន្លេ ក្នុងរាជធានីភ្នំពេញ ពោលគឺ ទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤។ កាកសំណល់ទាំងនេះ ប្រមូលដោយទូកកំចាត់សំរាម(Debris Buster) ដោយមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋានតាមដងទន្លេ ជាភ្នាក់ងារប្រមូលសំរាមរបស់អង្គការសំអាតទន្លេ សមុទ្រ ក្រោមគម្រោងថវិកា ក្រុមហ៊ុន Leader Energy។ នេះបើយោងតាមរបាយការណ៍ នៃកម្មវិធីសម្ពោធបេសកកម្មសំអាតទន្លេរយៈពេល ៥ឆ្នាំ ក្រោមវត្តមាន លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

ក្នុងរបាយការណ៍បានបញ្ជាក់ថា កាកសំណល់ប្រមាន ៨០, ៦៩តោន ដែលប្រមូលបានពីទន្លេនេះ បន្ថែមលើបរិមាណសំរាម ១៦៨៥តោន ដែលប្រមូលចេញពីទន្លេទាំង៣ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប កាលពីពេលកន្លងទៅ។ ការណ៍នេះ ដើម្បីពន្លឿនការថែទាំ រក្សាអនាម័យទឹក ទន្លេ សោភណ្ឌភាពទីក្រុង ដែលអង្គការសំអាតទន្លេសមុទ្របានជ្រើសរើសយកភ្នាក់ងារសំអាតសំរាមតាមដងទន្លេ តាមរយៈការផ្តល់ថវិកាលើកទឹកចិត្តទៅតាមបរិមាណដែលប្រមូលបានចេញពីទន្លេ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា បេសកកម្មនេះ ស្របតាមយុទ្ធសាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ ដើម្បីពន្លឿនការអភិវឌ្ឍន៍ជាតិ និងគាំទ្រដល់យុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន(ស្អាត បៃតង និងចីរភាព) និងរួមចំណែកដល់យុទ្ធនាការទឹកស្អាត ការកាត់បន្ថយប្លាស្ទិក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជោគជ័យទៅបាននៃបេសកម្មនេះ ចាំបាច់ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់។ ការចូលរួមក្នុងការប្រមូលសំរាមតាមដងទន្លេ ជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ភាពជាម្ចាស់សហគមន៍ និងឈានទៅរកទន្លេដែលគ្មានការបំពុលដោយថង់ប្លាស្ទិក។ ដើម្បីសម្រេចបាននូវគោលដៅនេះ បេសកកម្មនឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច នៃសហគមន៍ដែលរងផលប៉ះពាល់នៅតាមដងទន្លេ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន និងតាមសាលារៀន។

ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងដែរថា ការប្រមូលសំរាមនៅរាជធានីភ្នំពេញបានទាន់ពេលវេលា និងបានត្រឹមត្រូវធ្វើឱ្យមិនកកស្ទះសំរាម ដែលធ្វើឱ្យសំរាមមួយចំនួនត្រូវគេបោះចោលតាមប្រឡាយទឹក និងមួយចំនួនត្រូវធ្លាក់ចូលក្នុងទន្លេ ដែលជាការបំពុលទឹក និងជះផលអាក្រក់ដល់មនុស្ស និងសត្វ។ តាមរយៈការបេសកម្មសំអាតទន្លេនាពេលនេះ លោករំពឹងថា បើមានការចូលរួមពីប្រជាពលរដ្ឋ ពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ នឹងទទួលបានជោគជ័យពុំខាន។ ពេលនោះយើងនឹងទទួលបានស្អាតទាំងលើគោក និងក្នុងទឹក ហើយក៏គ្មានការបំពុលដោយសំរាមដែរ។

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេ សមុទ្រ (ROC) បានឱ្យដឹងថា ការអាចសំអាតកាកសំណល់ចាស់ឱ្យអស់ពីទន្លេ និងច្រាំងទន្លេក្នុងរយៈពេលតែពី៥ ទៅ ៦ឆ្នាំបាន ប៉ុន្តែដើម្បីរក្សាទន្លេឱ្យមានអនាម័យជារៀងរហូត ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងកាកសំណល់ ការអប់រំ និងការពង្រឹងច្បាប់ ជាគន្លឹះដ៏សំខាន់ដែលត្រូវអនុវត្ត (ប្រមូលសំរាមផង អប់រំផង)។ សំរាមទាំងនេះត្រូវបានយកទៅបម្លែងជាថាមពលនៅរោងចក្រស៊ីម៉ង់ មានន័យថា សំរាមទាំងអស់ស្មើនឹងសូន្យ ដោយមិនបង្កការប៉ះពាល់ដល់ទឹកដែលវាសមស្របទៅនឹងយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ដោយធ្វើឱ្យស្អាតទាំងទឹក ស្អាតដី និងស្អាតខ្យល់។

សូមបញ្ជាក់ថា បេសកកម្មសំអាតទន្លេរយៈពេល៥ឆ្នាំ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់នូវដំណោះស្រាយរយៈពេលវែង ដោយមានភាពពេញលេញក្នុងការបញ្ចប់នូវបញ្ហាការបំពុលទន្លេ ដោយសំអាតសំរាមឱ្យអស់ពីទន្លេ និងទប់ស្កាត់ការបោះចោលសំរាមថ្មីចូលទន្លេ តាមរយៈការចុះសិក្សា អប់រំ និងការលើកកម្ពស់ភាពទទួលខុសត្រូវក្នុងសហគមន៍ផ្ទាល់។ ទន្លេជាធនធានធម្មជាតិ ជាសម្បត្តិរួមរបស់ប្រជាជន ហើយការសំអាតទន្លេ ការថែរក្សាអនាម័យទន្លេ ត្រូវការចូលរួមពីសំណាក់ក្រុមហ៊ុននីមួយៗ គ្រួសានីមួយៗ បុគ្គលម្នាក់ៗ និងការគាំទ្ររបស់រដ្ឋាភិបាល ដែលអាចធ្វើឱ្យបេសកកម្មសំអាតទន្លេទទួលបានជោគជ័យក្នុងរយៈខ្លី៥ទៅ៦ឆ្នាំខាងមុខ៕