ការចាប់ខ្លួនមន្ត្រីអតីតបក្សប្រឆាំង បន្តកើនឡើងជាបន្តបន្ទាប់ខណៈមាតុភូមិនិវត្តន៍របស់ លោកសម រង្ស៊ីសល់តែ២០ថៃ្ងប៉ុណ្ណោះ
សកម្មជនអតីតគណបក្សសង្គ្រោះជាតិម្នាក់ទៀត នៅខេត្តឧត្តរមានជ័យ ត្រូវបានចាប់ខ្លួនពីបទ «រួមគំនិតក្បត់»។ គិតត្រឹមថ្ងៃទី ១៨ តុលា ការចាប់ខ្លួនសកម្មជនអតីតគណបក្សប្រឆាំងបន្តកើនឡើង ។លោក ធឹង សំបាន អតីតប្រធានប្រតិបត្តិនិងជាអតីតសមាជិកក្រុមប្រឹក្សាស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ត្រូវបានអាជ្ញាធរខេត្តចាប់ខ្លួន កាលពីថ្ងៃទី ១៧ តុលា ពីបទ «រួមគំនិតក្បត់»។ យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ចុះថ្ងៃទី ១៤ តុលា លោក ធឹង សំបាន អាយុ៦០ឆ្នាំ ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣នៃក្រមព្រហ្មទណ្ឌកម្ពុជា តាមរយៈការធ្វើសកម្មភាពប្រមូលផ្តុំកម្លាំង ញុះញង់គៀងគរកម្លាំង ឲ្យទៅចូលរួមចលនាការវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃទី ០៩ វិច្ឆិកា ខាងមុខនេះ។ជាការកត់សំគាល់ ការចាប់ខ្លួនសកម្មជនអតីតគណបក្សប្រឆាំងបានបន្តកើនឡើងជាបន្តបន្ទាប់ ខណៈមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាន់តែខិតជិតមកដល់សល់តែ២០ថៃ្ងប៉ុណ្ណោះ។
គិតត្រឹមថ្ងៃទី ១៨ តុលានេះ យ៉ាងហោចណាស់មានសកម្មជនអតីតគណបក្សប្រឆាំង ៤៧នាក់ហើយ ដែលត្រូវបានចាប់ខ្លួន និង១៨៣នាក់ត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ហើយកំពុងរត់គេចខ្លួនទៅក្រៅប្រទេស បន្ទាប់ពីពួកគេបានធ្វើសកម្មភាពគៀងគរមនុស្សត្រៀមទៅទទួល ឬចូលរួមដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នៅថ្ងៃទី ០៩ វិច្ឆិកា។ ជាអ្វីដែលរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាផែនការធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរដ្ឋាភិបាល។ លោក ធឹង សំបាន គឺជាអតីតសកម្មជនគណបក្សប្រឆាំងចុងក្រោយគេ គិតត្រឹមថ្ងៃទី ១៨ តុលា ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន ក្នុងបទចោទ «រួមគំនិតក្បត់»។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌នៃប្រទេសកម្ពុជា កាលពីខែកញ្ញា ឆ្នាំ ២០១៩តាមរយៈបទចោទនេះ លោក ធឹង សំបាន ត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី០៥ឆ្នាំទៅ១០ឆ្នាំ៕