លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ ខំប្រឹងប្រមូលផលប្រយោជន៌ តាមរបៀបពុករលួយតាមតែអំពើចិត្ត
កំពង់ស្ពឺ ៖ប្រភពពីប្រជាពលរដ្ធនិងមន្ដ្រីគយមួយបានបង្ហើបឲ្យថា: នេះជា សកម្មភាពរបស់លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ ដែលខំប្រឹងប្រមូលលុយតាមរបៀបពុករលួយត្រូវបានបញ្ជាក់ដែរថា ដោយមានការឃុបឃិតបើកដៃពីសំណាក់មេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ផងដែរ។ ប្រភពស្និទ្ធនឹងលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទេនោះគឺលោក ឈួន ហៃ មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនឡើយ។
ហេតុនេះហើយទើបមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តកំពង់ស្ពឺ អំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឈួន ហៃ មេគយខេត្តកំពង់ស្ពឺ ខ្លះផង។
ថ្មីៗនេះតាមប្រភពពីមន្ត្រីគយក្នុងខេត្តកំពង់ស្ពឺ មួយចំនួនបានឲ្យដឹងថា ដោយសារចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តកំពង់ស្ពឺ ទើបលោក ឈួន ហៃ ប្រើគ្រប់វិធីដើម្បីប្រមូលលុយស្រង់ដើមយ៉ាងតក់ក្រហល់ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពបានឲ្យដឹងទៀតថា លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឈួន ហៃ មេគយខេត្តកំពង់ស្ពឺ នោះទេ។
ដូច្នេះហើយទើបលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ និងបក្ខពួកមួយចំនួនឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាល រហូតដល់បង្កើតកុងត្រូលជជុះនៅមុខស្នាក់ការសាខាគយខេត្តកំពង់ស្ពឺ ដើម្បីគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកំពង់ស្ពឺ យ៉ាងសុខស្រួល។
ប្រភពដែលស្និទ្ធនឹងលោក ឈួន ហៃ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយខេត្តកំពង់ស្ពឺ រួចមកគឺលោក ឈួន ហៃ មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ឆ្លងកាត់មុខស្នាក់ការសាខាគយខេត្តកំពង់ស្ពឺ នោះទេ។
ផ្ទុយទៅវិញកុងត្រូលជជុះនៅមុខស្នាក់ការសាខាគយខេត្តកំពង់ស្ពឺ ត្រូវបានបង្កើតឡើងដើម្បីគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញ ហើយទោះបីឈ្មួញដឹកជញ្ជូនទំនិញស្របច្បាប់បង់ពន្ធត្រឹមត្រូវក៏ចៀសមិនផុតពីបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីគយប្រចាំកុងត្រូលជជុះនោះទេ។
បញ្ហានេះជារឿងដែលលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងតទៅទៀតឡើយ ព្រោះកន្លងមកលោក ឱម យ៉ិនទៀង ធ្លាប់ប្ដេជ្ញាយ៉ាងច្បាស់លាស់ក្នុងការលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវប្រកបដោយប្រសិទ្ធភាព។