ករណីឆេះរោងចក្រ RG Footwear នៅស្រុកអង្គស្នួល នឹងធ្វើឱ្យកម្មករជាង២ពាន់នាក់ប្រឈមបញ្ហាលំបាក
រោងចក្រស្បែកជើងឈ្មោះ RG Footwear មានទីតាំងស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជារោងចក្រផលិត និងដេរស្បែកជើងឱ្យក្រុមហ៊ុន VF Corp របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនម៉ាកល្បីផ្សេងទៀត ដូចជា Puma ត្រូវបានអគ្គិភ័យឆេះកាលពីវេលាម៉ោង ១៦ និង៥០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ រហូតដល់ម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យនេះ មិនបណ្តាលឱ្យកម្មករនិយោជិតណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយពេលនេះ សមត្ថកិច្ចកំពុងបន្តធ្វើការស៊ើបអង្កេតពីមូលហេតុដែលបណ្តាលឱ្យកើតអគ្គិភ័យ។
យ៉ាងណាក៏ដោយ ចំពោះឧបទ្ទវហេតុអគ្គិភ័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្ដែងនូវសេចក្តីសោកស្តាយ ហើយថា ខ្លួនកំពុងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនកម្មករ និយោជិតនៃរោងចក្រ R.G Footwear ចំនួន ២២០៥នាក់ ដែលអាចប្រឈមនឹងបញ្ហាមួយចំនួន។។
ជាមួយគ្នានេះ ដើម្បីជួយសម្រាលទុក្ខលំបាក របស់បងប្អូន កម្មករនិយោជិត ក្រសួងការងារបានបញ្ជាក់ថា សម្រាប់អត្ថប្រយោជន៍ ប.ស.ស. រួមមាន ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ បងប្អូនកម្មករនិយោជិតនៅតែទទួលបានអត្ថប្រយោជន៍ និងប្រើប្រាស់ ប.ស.ស. ជាធម្មតា។
ក្នុងករណីបងប្អូនកម្មករនិយោជិតចង់ស្វែងរកការងារ ក្រសួងការងារបានបញ្ជាក់ថា បងប្អូនអាចចាប់យកឱកាសការងារថ្មីតាមរយៈមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ។ ហើយក្រសួងនឹងផ្សព្វផ្សាយពីឱកាសការងារ និងមានមន្រ្តីរង់ចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនបងប្អូនកម្មករនិយោជិតនៅម្តុំរោងចក្រស្បែកជើង R.G Footwear ដើម្បីឱ្យបងប្អូនទទួលបានឱកាសការងារថ្មីជាមួយនឹងរោងចក្រ សហគ្រាស ដែលនៅក្បែរនឹងតំបន់ដែលបងប្អូនរស់នៅស្រាប់៕