ក្រោយផ្ទុះរឿងអាស្រូវ ប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរភារកិច្ចមកបម្រើការងារនៅទីស្តីការក្រសួងវិញ
លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ ដែលត្រូវមន្រ្តីក្រោមឱវាទនាំគ្នាផ្តិតមេដៃស្នើសុំដកចេញតំណែងកាលពីខែតុលា ឆ្នាំ២០២៣ ពេលនេះត្រូវបានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សម្រេចសម្រួលភារកិច្ចឱ្យមន្រ្តីដែលមានរឿងអាស្រូវរូបនេះមកបម្រើការងារនៅទីស្តីការរក្រសួងវិញ។

យោងតាមការប្រកាសមួយចេញនៅថ្ងៃទី១៩ មីនា ឆ្នាំ២០២៤ ស្តីពីការសម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីរាជការ ចុះហត្ថលេខាដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា៖«សម្រួលភារកិច្ចលោក អាង ណារិទ្ធ ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់»។ ដោយឡែក លោក មាស ដារ៉ា ត្រូវបានតែងតាំងជាប្រធានស្តីទី មន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យវិញ។
គួររំឭកថា កាលពីឆ្នាំ២០២៣ កន្លងទៅ លោក អាង ណារិទ្ធ ត្រូវបានក្រុមមន្រ្តីក្រោមឱវាទជាង៣០នាក់រួមមាន៖ អនុប្រធានមន្ទីរ, ប្រធាន-អនុប្រធានការិយាល័យ, និងមន្រ្តីផ្សេងទៀត នាំគ្នាផ្តិតមេដៃ និងដាក់លិខិតមួយទៅរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើសុំផ្លាស់ប្តូរ លោក អាង ណារិទ្ធ ចេញ ក្រោមហេតុផលថា គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីភាពផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ក្នុងខ្លួន និយាយស្ដីទៅកាន់មន្ត្រីក្រោមឱវាទដោយពាក្យអសុរោះ មើលងាយមន្ត្រីក្រោមឱវាទ និងស៊ីដាច់លុយការងារមន្ត្រីថ្នាក់ក្រោម ធ្វើការមិនទទួលការងារខុសត្រូវ ពេលមានរឿងទម្លាក់ឱ្យកូនចៅជាអ្នកទទួលខុសជំនួស តែពេលជោគជ័យដណ្តើមយកស្នាដៃខ្លួនឯង៕