ព័ត៌មានជាតិ

ចូលឆ្នាំខ្មែរឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ ហាមមិនឱ្យលេងជះ និងគប់ទឹក

រដ្ឋបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់រដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង១០៥ ទូទាំងរាជធានី បង្ក្រាបទប់ស្កាត់ឱ្យខាងតែបានកុំឱ្យមានការលេង ជះទឹក គប់ទឹក និងល្បែងមួយចំនួនទៀតប្រាសចាកពីល្បែងប្រជាប្រិយខ្មែរ។ នេះបើយោងសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

រដ្ឋបាលរាជធានីសង្កត់ធ្ងន់ថា៖«ហាមឃាត់ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬប៉ាតម្សៅ និងការវាយដោយ រំពាត់ ឬឧបករណ៍រឹងផ្សេងៗដល់អ្នកដំណើរគ្រប់ប្រភេទ»។ ជាមួយគ្នានេះ មន្ត្រីខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវណែនាំដល់ពលរដ្ឋឱ្យដោតទង់ជាតិនៅគ្រប់គេហដ្ឋាន ត្រៀមរៀបចំគ្រឿងសក្ការបូជា មានផ្កាភ្ញី ទៀន និងធូបជាដើម ដើម្បីទទួលទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី។ អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមមូលដ្ឋានរបស់ខ្លួន។ ជាងនេះទៅទៀតត្រូវណែនាំប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នខ្ពស់លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលអាចនាំឱ្យមានគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ។ សេចក្តីណែនាំដដែលបន្ថែមថា មន្ត្រីទាំងអស់ត្រូវហាមឃាត់ ទប់ស្កាត់ការនាំចូល ចែកចាយ ទិញលក់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល អសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ និងត្រូវបំផុសឱ្យមានការតុបតែងលម្អភ្លើងពណ៌ តាមដើមឈើឱ្យបានព្រោងព្រាត នៅមុខទីស្នាក់ការ របស់មន្ទីរ អង្គភាព រដ្ឋ ឯកជន និងគ្រប់គេហដ្ឋានប្រជាពលរដ្ឋ។

អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ និងគណៈកម្មការអាចារ្យវត្ត ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បានបំពេញកុសលតាមសទ្ធាជ្រះថ្លា និងរៀបចំពិធីតាមទំនៀមទម្លាប់ប្រពៃណី សាសនារបស់ជាតិ ព្រមទាំងត្រៀមចាត់កម្លាំងការពារ សន្តិសុខ តាមវត្តអារាមនីមួយៗ។ ជាពិសេសសម្រួលចរាចរណ៍យានយន្តពុទ្ធបរិស័ទបរិវេណវត្តអារាម ឱ្យបានឆាប់រហ័សចៀសវាងការកកស្ទះចរាចរណ៍នៅតាមដងផ្លូវមុខវត្ត និងរៀបចំចំណតយានយន្តឱ្យបានសមរម្យ។ ជាងនេះទៅទៀតអាជ្ញាធរត្រូវ សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងក្រុមហ៊ុនប្រមូល សម្អាត និងដឹកជញ្ជូនសំរាមចេញពីរាជធានីភ្នំពេញឱ្យទាន់ពេលវេលាដើម្បីធានាបាននូវបរិស្ថាន និងអនាម័យស្អាត។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ នឹងប្រព្រឹត្តិតាមដំណើរសង្ក្រាន្ត រយៈពេល៤ថ្ងៃរាប់ចាប់ពីថ្ងៃសៅរ៍ទី១៣ វេលាម៉ោង ២២:១៧ នាទីយប់ដល់ថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០២៤ គម្រប់សង្ក្រាន្ត៤ថ្ងៃចប់ដោយបរិបូណ៌ចូលឆ្នាំរោងឆស័កតរៀងទៅ។ ពិធីបុណ្យប្រពៃណីជាតិនេះអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្តរៀបចំចាត់តាំងឱ្យមានការលេងល្បែងប្រជាប្រិយរបស់ជាតិ។ ល្បែងប្រជាប្រិយរបស់ជាតិទាំងនោះរួមមាន៖ ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកម្សាន្ត តាមមណ្ឌលកម្សាន្ត តាមរមណីយដ្ឋាននានា ឬទីតាំងណាដែលសមគួរ។ ជារៀងរាល់ឆ្នាំប្រជារាស្ត្រខ្មែរទាំងក្នុង និងក្រៅប្រទេសតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួនក្នុងមនោសញ្ចេតនាសប្បាយរីករាយ ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ។ ពិធីនេះប្រារព្ធឡើងដើម្បីទទួលអំណរ ស្វាគមន៍ចំពោះការចូលមកដល់នៃឆ្នាំថ្មី និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ប្រគេនព្រះពរព្រះសង្ឃ ថ្វាយព្រះពរ ព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រី និងថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរ។ ជូនពរថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និងបុព្វការីជនទាំងឡាយ គ្រូឧបជ្ឈាយាចារ្យ ចាស់ព្រឹទ្ធាចារ្យ សំដៅបង្កើនឡើងនូវមនោសញ្ចេតនាគោរពស្រឡាញ់ សាមគ្គីភាពស្និទ្ធស្នាល និងទទួលបានសព្ទសាធុការពរជ័យ ពីទេវតាឆ្នាំថ្មី៕