ពលរដ្ឋមានការត្អូញត្អែរ ចំពោះទីលានចាក់សំរាម នៅស្រុកពញាឮ ដែលកំពុងជះក្លិនស្អុយបំពុលបរិស្ថាន!!
ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្ត ភូមិសងវរ និងភូមិពាមជំនីក ស្ថិតក្នុងឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ជាច្រើនគ្រួសារ បានសម្ដែងការខឹងសម្បារចំពោះក្រុមហ៊ុនម៉ៅការប្រមូលសំរាម ដែលមានឈ្មោះ បរិស្ថានភូមិយើង ដែលបន្តចាក់គំនរសម្រាមស្អុយរលួយនៅក្បែរ ផ្ទះពួកគាត់ បណ្ដាលឱ្យជះក្លិនស្អុយប៉ះពាល់បរិស្ថានរំខានដល់ការរស់នៅ។
ប្រជាពលរដ្ឋនិយាយថា ក្រុមហ៊ុនប្រមូលសំរាមមួយនេះ តែងតែដុតសំរាមជាប្រចាំបង្ករជាផ្សែងខ្មៅហុយទ្រលោម ធំក្លិនឈ្ងៀមផងស្អុយផងប៉ះពាល់ដល់សុខភាពពួកគាត់ជាខ្លាំង រហូតពេលខ្លះសឹងតែលែងនៅផ្ទះ និងអ្នកខ្លះទៀតត្រូវបង្ខំចិត្តបិទអាជីវកម្មរបស់ខ្លួនទៀតផង។
លោកគៀត ពិសិដ្ឋជាពលរដ្ឋ ដែលមានផ្ទះនៅជិតគំនរសំរាមស្ថិតនៅភូមិសង្វរឃុំកំពង់ហ្លួងស្រុកពញាឮខេត្តកណ្ដាលបានលើកឡើងថា រៀងរាល់ថ្ងៃនេះពួកខ្លួនកំពុងរស់នៅទាំងលំបាកដោយត្រូវទ្រាំនឹងខ្លួនស្អុយ រលួយចេញពីគំនរសំរាមផង និងត្រូវទ្រាំចំពោះផ្សែងខ្មៅធំក្លិនស្ងៀមដែលហុយចេញពីការដុតសំរាមទាំងថ្ងៃទាំងយប់ផង។

លោក គៀត ពិសិដ្ឋ បន្តថា ដោយបរិស្ថានមិនល្អជ្រះក្លិនស្អុយជាប្រចាំនិងធំក្លិនស្ងៀមបែបនេះហើយ ទើបលោកត្រូវបង្ខំចិត្តបិទអាហារស្ថានយីហោអនុស្សាវរីយ៍ព្រែកជ្រៅ ដែលជាអាជីវកម្មប្រចាំគ្រួសាររបស់លោក។
ទាក់ទិនបញ្ហាខាងលើកន្លងមកពលរដ្ឋជាច្រើនគ្រួសារបានប្ដឹងតវ៉ាលែងឲ្យចាក់សំរាមនៅទីនេះ ដោយពលរដ្ឋតម្រូវឲ្យក្រុមហ៊ុនបរិស្ថានភូមិយើងដឹកសំរាមទៅចាក់នៅទីលានសំរាមដែលមានស្រាប់ទំហំ 53 ហិចតាស្ថិតនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮខេត្តកណ្ដាលជំនួសវិញ។ ប៉ុន្តែអាជ្ញាធរស្រុកបានពន្យារពេល ដោយសុំពេលមួយរយៈដើម្បីធ្វើការដោះដូរទីតាំងចាក់សំរាមត្រឹមខែវិច្ឆិកាឆ្នាំ 2023 ដោយសន្យាថាលែងឲ្យពលរដ្ឋនៅភូមិសង្វរឃុំកំពង់ហ្លួងស្រុកពញាឮរងផលប៉ះពាល់ទៀតហើយ។ តែយ៉ាងណាមកទល់នឹងថ្ងៃទី 23 ខែ មករា ឆ្នាំ 2024 សកម្មភាពនៃការចាក់សំរាមនៅក្បែរផ្ទះពួកគាត់ស្ថិតនៅភូមិសង្វរឃុំកំពង់ហ្លួងនៅតែបន្តកើតមានដដែលជាដដែល។ ខណៈក្លិនស្អុយចេញពីគំនរសំរាមនិងផ្សែងហ៊ុយឈ្ងៀមចេញពីការដុតសំរាមនៅតែកើតមានយ៉ាងពេញបន្ទុក។

ជាការឆ្លើយតប លោក ហេង គឹមហៀង អភិបាលរងពញាឮ បានថ្លែងប្រាប់គេហទំព័រឥន្ទ្រីមាស នៅព្រឹកថ្ងៃទី 23 ខែ មករា ឆ្នាំ 2024 ថា ទីលានចាក់សំរាមនីមួយៗត្រូវចំណាយទន់ច្រើនណាស់។ លោកថា ទីលានចាក់សំរាមនៅឃុំកោះចិន ស្រុកពញាឮបច្ចុប្បន្ននេះមានផ្ទៃដីជាង 50 ហិចតាសម្រាប់ចាក់សំរាមប្រាកដមែន ប៉ុន្តែពុំទាន់មានរណ្តៅនោះទេដោយពេលនេះអាជ្ញាធរបានធ្វើសំណើដល់ខេត្តហើយគ្រាន់តែរង់ចាំការសម្រេចពីថ្នាក់លើដឹកនាំប៉ុណ្ណោះ។
ចំណែកលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ថ្លែងថា ករណីនេះ រូបលោកណែនាំឱ្យចាក់ដីគ្របពីលើសំរាមបណ្ដោះអាសន្នសិន។

យ៉ាងណាក៏ដោយពលរដ្ឋជាច្រើនគ្រួសារសូមស្នើដល់លោកគង់សោភ័ណ្ឌអភិបាលខេត្តកណ្ដាលរួមនឹងក្រសួងពាក់ព័ន្ធមេត្តាពិនិត្យចាត់វិធានការដោះស្រាយបញ្ហាខាងលើឲ្យទាន់សកម្មភាពការផងចុះជៀសវាងការអូសបន្លាយពេលវេលាពីមួយខែទៅមួយខែដោយទុកឱ្យពលរដ្ឋទ្រាំរស់នៅទាំងលំបាកក្រោមឥទ្ធិពលគំនរសំរាម៕