ព័ត៌មានជាតិ

ខេត្តព្រះសីហនុ នឹងមានពហុកីឡដ្ឋានដែលអាចផ្ទុកមនុស្សបានជាង៣ម៉ឺននាក់ ក្នុងពេលឆាប់ៗនេះ

ពហុកីឡដ្ឋានខេត្តព្រះសីហនុអាចផ្ទុកមនុស្សប្រមាណជាង ៣ម៉ឺននាក់ នឹងលេចចេញជារូបរាងក្នុងពេលឆាប់នេះ ដើម្បីបម្រើប្រយោជន៍រួមក្នុងវិស័យកីឡា និងទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្សាន្តក្នុងខេត្តព្រះសីហនុ ក៏និងខេត្តជាប់ឆ្នេរសមុទ្រផ្សេងៗទៀត។

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ បានចាត់ទុកគម្រោង​សាងសង់​ពហុកីឡដ្ឋាន ជាសមិទ្ធផលដ៏ថ្មីស្រឡាងមួយទៀត ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដោយរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ក្នុងការបង្កើតគម្រោងសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ ដើម្បីបម្រើប្រយោជន៍រួមក្នុងវិស័យកីឡា និងទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្សាន្តក្នុងខេត្តព្រះសីហនុ ដែលជាខេត្តមានឧត្តមភាពក្នុងការអភិវឌ្ឍ ក៏ដូចជាតាមបណ្ដាខេត្តជាប់ឆ្នេរសមុទ្រផ្សេងៗទៀត។

គម្រោងសាងសង់ពហុកីឡាដ្ឋានជាតិខ្នាតធំដំបូងបង្អស់នៅក្នុងក្រុងព្រះសីហនុនេះ ស្ថិតនៅតាមបណ្ដោយផ្លូវល្បឿនលឿនខេត្តព្រះសីហនុចូលតាមផ្លូវក្បាលឆាយចម្ងាយ ៥គីឡូម៉ែត្ររួចបត់ស្ដាំចម្ងាយ ១,៥គីឡូម៉ែត្រ។

ពហុកីឡដ្ឋាននេះអាចផ្ទុកមនុស្សបាន ៣១ ៤៥០នាក់ និងមានផ្ទៃដីសរុប ៣៣ហិកតា ដោយក្នុងនោះមានចំណតរថយន្តចំនួន ២៨២ ចំណត មានកន្លែងដើរហាត់ប្រាណ ហាងកាហ្វេ កន្លែងបោះតង់ សួនទេសចរណ៍អាំស្ទែដាម អគារសារមន្ទីរ សាលមហោស្រព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត។

ពហុកីឡាដ្ឋាននេះនឹងត្រូវបានសាងសង់ជាបែបសហសម័យ ដោយមានបញ្ចូលនូវអត្តសញ្ញាណជាតិ ហើយក៏សាងសង់ពីបេតុងភាគច្រើន ដើម្បីធានាបាននូវភាពគង់វង្សយូរអង្វែងដូចទៅនឹងអគារពីសម័យបុរាណដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ៕