ព័ត៌មានជាតិ

ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម ស្នើ​សម្តេច​ ហ៊ុន សែន អនុញ្ញាត​នាំចូលសត្វជ្រូកពីប្រទេសថៃ ១លានក្បាល​ក្នុង​មួយ​១ឆ្នាំ

ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ បានដាក់​សំណើរ​រួម​គ្នា​ទៅ​កាន់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយ​សុំការអនុញ្ញាតនាំចូលសត្វជ្រូកសាច់រស់ចំនួន ត្រឹមតែ ១លានក្បាលក្នុងមួយឆ្នាំ ពីប្រទេសថៃ ដែល​ជា​ការ​កាត់បន្ថយ​ជាង៥០ភាគរយ នៃ​ចំនួននាំចូលកន្លងមក ហើយការនាំចូល​១លានក្បាលនេះ​ក្រសួងទាំង២អះអាងថា ដើម្បីត្រៀមស្បៀងបម្រុងទុកសម្រាប់តម្រូវការនៅក្នុងស្រុក។

លិខិតស្នើសុំដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្នុងស្ថានភាពជំងឺ កូវីដ-១៩ កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងសកលលោក តំបន់ និងនៅកម្ពុជាផងដែរ បានបង្កជាផលប៉ះពាល់ដល់ផលិតកម្មតូចតាច ជីវភាពរស់នៅ និងសុវត្ថិភាពស្បៀងអាហាររបស់ប្រជាពលរដ្ឋ។

ដូច្នេះដើម្បីត្រៀមស្បៀងបម្រុងទុកសម្រាប់តម្រូវការនៅក្នុងស្រុកឱ្យបានគ្រប់គ្រាន់ សំដៅធានាសន្តិសុខស្បៀង និងស្ថិរភាព តម្លៃសត្វ-សាច់ក្នុងដំណាក់កាលដែលមានផលប៉ះពាល់ជាសកល ដែលនឹងអាចអូសបន្លាយរយៈពេលយូរនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន អនុវត្តតាមអនុសាសន៍របស់សម្តេច ហ៊ុន សែន ដោយត្រូវពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល និងរៀបចំគោលនយោបាយបង្កើនការដាំដុះ បន្លែ ចិញ្ចឹមត្រី និងចិញ្ចឹមសត្វ។

ក្រសួងកសិកម្មបានអះអាងថា ក្រសួងបានកាត់បន្ថយចំនួនជ្រូកនាំចូលពី បរទេសពី ២០ ៤០០ក្បាល/១ថ្ងៃ មកនៅត្រឹមចំនួន ៦ ៣០០ក្បាល/១ថ្ងៃ ។ ការកាត់បន្ថយការនាំចូលមួយរយៈពេលនេះមក តម្លៃជ្រូករស់ មានការកើនឡើង និងការផ្គត់ផ្គង់ក្នុងស្រុកមានស្ថេរភាព ក្នុងរង្វង់ចន្លោះពី ១១ ០០០រៀល ទៅ ១២ ៨០០រៀលក្នុង មួយគីឡូក្រាម។

យ៉ាងណាក៏ដោយ ចំពោះសុំណើររបស់ក្រសួងកសិកម្ម និង ក្រសួងពាណិជ្ជកម្មនេះវិញ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម​បាន​អះអាងថា សំណើរនោះ​ត្រូវបានសម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ឯកភាពទទួលយកជាផ្លូវការហើយ ហើយទន្ទឹមនឹងនេះ កម្ពុជា​ក៏​មាន​សមត្ថភាពចិញ្ចឹមជ្រូកផ្គត់ផ្គង់ទីផ្សារបានរហូតជាង ៨៥% ទៅហើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *