ពលរដ្ឋ១១៦គ្រួសារ ត្រូវជម្លៀសចេញពីផ្ទះ ដោយសារទឹកជំនន់លើកទី២ នៅក្រុងប៉ោយប៉ែត
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានពលរដ្ឋប្រមាណ ១១៦គ្រួសារ ត្រូវបានអាជ្ញាធរធ្វើការជម្លៀសចេញពីផ្ទះ ក្រោយពីទឹកជំនន់លើកទី២ បានវាយប្រហារក្រុងប៉ោយប៉ែត កាលពីល្ងាចថ្ងៃទី២០ តុលា។
សូមបញ្ជាក់ផងដែរថា ដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងទឹកហូរមកពីប្រទេសថៃ បណ្តាលឲ្យទឹកអូរតាមព្រំដែនកម្ពុជា-ថៃ បានហក់ឡើងគួរអោយបារម្ភ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃម្សិលមិញ គេឃើញអាជ្ញាធរដឹកនាំដោយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំមន្រ្តីចាត់ចែងផ្តល់គ្រឿងឧបភោគ បរិភោគ ជូនបងប្អូនពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ទាំងនោះហើយ។
រីឯមន្ត្រីប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានដឹកនាំអ្នកស្ម័គ្រចិត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ នៅលើទីទួល សុវត្ថិភាព ដែលជម្លៀសចេញ ពីទឹកជំនន់ ក្នុងក្រុងប៉ោយប៉ែត លើពីរសង្កាត់នោះ គឺសង្កាត់ប៉ោយប៉ែត ស្ថិតលើទួលសុវត្ថិភាព សាលាពន្លឺសង្ឃឹមកូរ៉េ មានប្រជាពលរដ្ឋ ជម្លៀស ៤៩ គ្រួសារ និងនៅវត្តបាលិលេយ្យ ២៩ គ្រួសារ និងសង្កាត់ផ្សារកណ្តាល ស្ថិតលើទួលបូរីខេអិន ២៧ គ្រួសារ និង ទួលគោកស្បែង ចំនួន ១១ គ្រួសារ ៕