ព័ត៌មានជាតិ

កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣អាចមានត្រឹម ៥,៤% ខណៈឆ្នាំ២០២៤ ៥,៨%

នៅក្នុងឆ្នាំ២០២៣នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវគេរំពឹងថា នឹងមានកំណើន ៥,៤% ខណៈឆ្នាំ២០២៤ខាងមុខ នឹងមាន ៥,៨% ហើយឆ្នាំ២០២៥ អាចកើនដល់ ៦,១%។ នេះបើយោង​តាមការព្យាករណ៍របស់ធនាគាពិភពលោក នៅក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងរបាយការណ៍បច្ចុប្បន្នភាព សេដ្ឋកិច្ចកម្ពុជាចុងក្រោយ ក្រោម ចំណងជើងថា Cambodia Economic Update: From Recovery to Reform, ធនាគារពិភពលោក និយាយថា ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធ ដើរអមគ្នាជាមួយការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះ វានឹងនាំឱ្យកំណើន បន្តបង្កើនល្បឿន នៅក្នុងរយៈពេលមធ្យម និងវែង។ នៅក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចរបស់កម្ពុជា ទទួលបានកំណើន ៥,២%។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រង នៃធនាគារពិភពលោក ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចកម្ពុជា ចាំបាច់ត្រូវជួយដល់ វិស័យឯកជន ឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនកំណើនមួយ ហើយកិច្ចការនេះ អាចសម្រេចបានរបស់វិស័យសាធារណៈ”។ លោកស្រី ពោលបន្ថែមទៀតថា៖ “ ការ រក្សាស្ថេរភាពហិរញ្ញវត្ថុ ក៏ជាអាទិភាពមួយដែរ ហើយចាំបាច់ត្រូវតែខិតខំថែមទៀត ក្នុងស្តារលំហ សារពើពន្ធឡើងវិញ។”

បើទុកជាមានការវិនិយោគច្រើន ទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ កន្លងមកក្តី ផ្នែកដឹកជញ្ជូន និងប្រព័ន្ធ​ឡូហ្ស៊ីស្ទិក ដែលសមត្ថភាព នៅមានកម្រិត និងការផ្គត់ផ្គង់ ថាមពលដែលពិបាកទុកចិត្តបាន​នៅតែបន្តជាបន្ទុកខ្ពស់លើចំណាយថ្លៃដើម របស់ធុរកិច្ច និងរបស់អ្នកប្រើប្រាស់ទូទៅ។ នៅក្នុងរយៈពេលមធ្យម វិបត្តិខាងក្រៅ ដែលមានក្នុងពេល តែមួយ រួមបញ្ចូលការរាតត្បាតជំងឺជាសកល, សង្គ្រាមលុកលុយរបស់ប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន, និងអត្រាខ្ពស់របស់ការប្រាក់ លើទីផ្សារអន្តរជាតិ ត្រូវបានរំពឹង ថា នឹងនៅតែបន្តធ្វើជាឧបសគ្គ ដល់កំណើនសេដ្ឋកិច្ច។

វិស័យទេសចរណ៍ មានសារៈសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយទោះបីជា មានភ្ញៀវទេសចរអន្តរជាតិ ចូលប្រទេសវិញ ជាហូរហែក៏ដោយ ប្រាក់ចំណូល នៅតាម​គោលដៅទេសចរណ៍ សំខាន់ៗមួយចំនួន នៅតែមានចំនួនទាប ជាងកម្រិត មុនការផ្ទុះ ជំងឺរាតត្បាតនៅឡើយ ។ ការវិនិយោគលើការផលិតទំនិញ រួមទាំងសម្លៀកបំពាក់ និងការនាំចេញទំនិញ សម្រេចបាន ធ្លាក់ចុះ ដែលឆ្លុះបញ្ចាំងឱ្យឃើញ អំពីតម្រូវការទាប នៅលើទីផ្សារពិភពលោក។ ជាលទ្ធផល ការងារនៅផ្នែកឧស្សាហកម្ម ផលិតកម្ម​បានធ្លាក់ចុះ ៥% ដែលញ៉ាំងឱ្យអាជ្ញាធរ ធ្វើអន្តរាគមន៍ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់កម្មករ ដែលត្រូវបានបញ្ឈប់ពីការងារ។

ឆ្ពោះទៅមុខ កំណើនសេដ្ឋកិច្ច អាចនៅតែ រងផលប៉ះពាល់បន្ថែមទៀត​ពីការចុះខ្សោយ នៃតម្រូវការពិភពលោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារ​ឡើងវិញ។ នៅ ក្នុងស្រុក ការកើនឡើងនៃបំណុលគ្រួសារ និងឥណទានក្នុងស្រុក នៅក្នុងវិស័យអចលន ទ្រព្យ នៅតែជាហានិភ័យដដែល៕