ជើងហោះហើរត្រង់រវាងរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ មករាជធានីភ្នំពេញនឹងចាប់ដំណើរការពីថ្ងៃទី១៩ ខែមីនា
ក្រុមហ៊ុនអាកាសចរណ៍ឡាវ Lao Airline នឹងដាក់ដំណើរការនូវជើងហោះហើរត្រង់រវាងរដ្ឋធានី វៀងចន្ទន៍ (Vientiane) របស់ឡាវ និងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៩ ខែមីនានេះតទៅ។ ការដាក់ដំណើរការនូវជើងហោះហើរត្រង់នេះ ត្រូវបានគេដឹងថាធ្វើឡើងក្នុងគោលបំណងជួយជម្រុញដល់វិស័យទេសចរណ៍ និងការវិនិយោគបន្ថែមនៅក្នុងប្រទេសតែមួយគត់ដែលគ្មានព្រំដែនសមុទ្រក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ជើងហោះហើរត្រង់រវាងរដ្ឋធានីវៀងចន្ទន៍ និងរាជធានីភ្នំពេញនេះ គ្រោងនឹងដាក់ដំណើរការដំបូងចំនួន ៣ដងក្នុងមួយសប្តាហ៍ ពោលគឺនៅរៀងរាល់ថ្ងៃអង្គារ, ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ដោយរយៈពេលហោះហើរមានថេរវេលាប្រហែល ១ម៉ោង ២០នាទី។ តាមគម្រោងដំបូង ការធ្វើដំណើរហោះចេញពីរដ្ឋធានី វៀងចន្ទន៍ នឹងធ្វើឡើងនៅម៉ោង ៨៖៣០នាទីព្រឹក ខណៈធ្វើដំណើរត្រឡប់ពីរាជធានីភ្នំពេញវិញនៅវេលាម៉ោង ១០៖៥០នាទីព្រឹក។
តាមការបញ្ជាក់ពីវិទ្យុជាតិឡាវបានឱ្យដឹងថា ជើងហោះហើរបន្ថែមអាចនឹងត្រូវពិចារណានាពេលក្រោយ ដោយផ្អែកតាមតម្រូវការជាក់ស្ដែងនៃអ្នកដំណើរ។ កន្លងមក ការធ្វើដំណើរតាមផ្លូវអាកាសរវាងទីក្រុងធំបំផុតនៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ) ភាគច្រើនត្រូវមានការចូលផ្លាស់ប្តូរជើងយន្តហោះនៅអាកាសយានដ្ឋានរបស់ប្រទេសថៃ៕