អន្តរជាតិ

ជម្លោះក្នុងតំបន់មជ្ឈឹមបូព៌ាអាចធ្វើឱ្យតម្លៃប្រេងកើនឡើងដល់ ១២០ដុល្លារ នៅឆ្នាំ២០២៤

ក្រុមហ៊ុនរង្វាយតម្លៃ Fitch Ratings បានព្យាករណ៍ថា តម្លៃប្រេងឆៅ នឹងឡើងខ្លាំងដល់ ១២០ដុល្លារក្នុង ១បារ៉ែល នៅឆ្នាំ២០២៤ ដោយសារតែបញ្ហាជម្លោះដែលផ្ទុះឡើងនៅតំបន់មជ្ឈឹមបូព៌ា។

ក្រុមហ៊ុននេះធ្លាប់បានព្យាករណ៍ពីតម្លៃប្រេងឆៅថា នឹងមានតម្លៃត្រឹម ៧៥ដុល្លារក្នុង ១បារ៉ែលនៅឆ្នាំ២០២៤ និង ៧០ដុល្លារក្នុង ១បារ៉ែលនៅឆ្នាំ២០២៥ ដោយសារតែឥទ្ធិពលនៃទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបលើការនាំចេញប្រេងឆៅរបស់រុស្ស៊ី។ យ៉ាងណាមិញ ការព្យាករណ៍នេះត្រូវបានផ្លាស់ប្ដូរ ដោយសារតែមានបញ្ហាជម្លោះថ្មីៗជាច្រើនដែលកើតឡើងនៅក្នុងតំបន់មជ្ឈឹមបូព៌ា ហើយទីផ្សារដែលប៉ះទង្គិចជាងគេ គឺនៅក្នុងតំបន់អាហ្វ្រិកខាងត្បូង និងតួកគី។

ក្នុងរបាយការណ៍ដដែលនេះក៏បានបញ្ជាក់ថា តម្លៃប្រេងកាន់តែខ្ពស់ នឹងធ្វើឱ្យកំណើនចំណូលសរុបក្នុងស្រុក (GDP) នៃប្រទេសនានាធ្លាក់ចុះស្ទើរតែទាំងអស់ ហើយឥទ្ធិពលនៃផលប៉ះពាល់អាចនឹងបាត់ទៅនៅឆ្នាំ២០២៥ ដោយសារគេព្យាករណ៍ថាការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅក្នុងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសជប៉ុន នឹងស្ថិតក្នុងកម្រិត ០,៥%ប៉ុណ្ណោះក្នុងឆ្នាំ ២០២៤។

គួរបញ្ជាក់ថា តំបន់មជ្ឈឹមបូព៌ា ត្រូវប្រឈមនឹងបញ្ហាជម្លោះសារជាថ្មី ដោយសារអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកនៅតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សជាង ១ម៉ឺននាក់។ ការរីកសាយនៃជម្លោះទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់មជ្ឈឹមបូព៌ា អាចចោទជាបញ្ហាប្រឈមយ៉ាងធំចំពោះសេដ្ឋកិច្ចពិភពលោក៕