
រាជរដ្ឋាភិបាលថៃ អនុម័តឱ្យភ្ញៀវទេសចរចិនចូលប្រទេសដោយគ្មានទិដ្ឋាការរយៈពេល៥ខែ ដើម្បីស្តារសេដ្ឋកិច្ច
រាជរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ កាលពីថ្ងៃទី១៣កញ្ញា បានអនុម័តវិធានការផ្តល់ការចូលទស្សនាដោយគ្មានទិដ្ឋាការបណ្តោះអាសន្នដល់ភ្ញៀវទេសចរចិន។ ចំណាត់ការនេះ គឺដើម្បីស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ដែលជាអាទិភាពសេដ្ឋកិច្ចកំពូលរបស់ប្រទេស។
នាយករដ្ឋមន្រ្តីដែលទើបឡើងកាន់តំណែងថ្មីៗ លោក ស្រេតថា ថាវីស៊ីន បានឱ្យដឹងថា ការលើកលែងទិដ្ឋាការនេះ ក៏នឹងត្រូវបានអនុវត្តចំពោះភ្ញៀវមកពីប្រទេសអាស៊ីកណ្តាល គឺប្រទេសកាហ្សាក់ស្ថាន ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំក្រោយ។ លោកបន្តថា អាជ្ញាធរពាក់ព័ន្ធត្រូវបានប្រឹក្សា ដើម្បីធានាថាពួកគេបានត្រៀមខ្លួនជាស្រេច ក្នុងការដោះស្រាយកំណើនភ្ញៀវទេសចរដែលនឹងមកដល់។
ប្រទេសចិន កាលពីជាងមួយទស្សវត្សរ៍មុនបានក្លាយជាប្រភពទេសចរណ៍ដ៏សំខាន់សម្រាប់ប្រទេសថៃ ដោយមានអ្នកទេសចរជិត១១លាននាក់ ក្នុងឆ្នាំ២០១៩ ស្មើនឹង២៧,៦ភាគរយ មុនពេលដែលមេរោគកូវីដ-១៩ បានបំផ្លិចបំផ្លាញទីផ្សារទេសចរណ៍។ រាជរដ្ឋាភិបាល បានស្នើវិធានការនេះដោយសារក្ដីបារម្ភថាចំនួនភ្ញៀវទេសចរចិននៅឆ្នាំនេះ អាចនឹងមិនដល់គោលដៅដំបូងចំនួន៥លាននាក់ ដោយសារតម្រូវការទិដ្ឋាការតឹងរ៉ឹង។ អាជ្ញាធរទេសចរណ៍ថៃ បានរាយការណ៍ថា ភ្ញៀវទេសចរចិនប្រហែល ១,៤លាននាក់ បានមកក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ។ សេដ្ឋកិច្ចរបស់ប្រទេសថៃ បានធ្លាក់ចុះក្នុងអំឡុងពេលជំងឺរាតត្បាត ខណៈដែលឧស្សាហកម្មទេសចរណ៍ដ៏ធំរបស់ខ្លួនស្ទើរតែដួលរលំ។ ប្រទេសនេះ ទទួលបានភ្ញៀវអន្តរជាតិប្រហែល៤០លាននាក់ ក្នុងឆ្នាំ២០១៩ ដែលរាជរដ្ឋាភិបាលបានប៉ាន់ប្រមាណថា អាចរកចំណូលបាន៥៣,២ពាន់លានដុល្លារ (១,៩ពាន់ពាន់លានបាត) នេះបើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍ និងកីឡា។
លោក ឆៃ វ៉ាឆារុនកិ Chai Wacharonke អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសថៃ បានទទួលភ្ញៀវអន្តរជាតិចំនួន១៥លាននាក់ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ។ លោកបន្ថែមថា រដ្ឋាភិបាលមានគោលបំណងទាក់ទាញភ្ញៀវអន្តរជាតិចំនួន២៨លាននាក់ និងបង្កើតប្រាក់ចំណូលពីទេសចរណ៍ចំនួន៣៩,២ពាន់លានដុល្លារ (១,៤ពាន់ពាន់លានបាត) នៅក្នុងឆ្នាំ២០២៣។ បន្ថែមលើនោះ លោកបានកោតសរសើរគម្រោងលើកលែងទិដ្ឋាការដោយនិយាយថា ឧស្សាហកម្មទេសចរណ៍ គឺជាម៉ាស៊ីនសេដ្ឋកិច្ចតែមួយគត់នៅសេសសល់ ដែលអាចជំរុញការបង្កើតប្រាក់ចំណូលថ្មីយ៉ាងឆាប់រហ័សសម្រាប់់ប្រទេសថៃ។ គួរបញ្ជាក់ថា ក្រៅពីការលើកលែងទិដ្ឋាការ វិធានការផ្សេងទៀតដែលគណៈរដ្ឋមន្ត្រីបានអនុម័តរួមមាន៖ ការកាត់បន្ថយតម្លៃអគ្គិសនី និងតម្លៃប្រេងម៉ាស៊ូត ក៏ដូចជាកម្មវិធីបន្ធូរបន្ថយបំណុលរយៈពេលបីឆ្នាំសម្រាប់់កសិករ ដើម្បីដោះស្រាយថ្លៃដើមខ្ពស់នៃការរស់នៅ និងបញ្ហាសេដ្ឋកិច្ចផ្សេងទៀត៕