ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីថ្មីប្ដេជ្ញាបម្រើជាតិមាតុភូមិ ធានាការពាររាជបល្ល័ង្ក និងរបបរាជានិយម

ក្នុងលិខិតថ្វាយព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលទើបចាត់តាំងជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ បានប្រកាសបន្ត​ធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី, ធានា​ការពារជាដាច់ខាតនូវ​រាជបល្ល័ង្ក និងរបបរាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ទូលព្រះបង្គំជាខ្ញុំ រួមជាមួយឥស្សរជនទាំងអស់ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សូមប្តេជ្ញាខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះប្រកបដោយវីរភាព, សេចក្តីស្មោះត្រង់និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើជាតិមាតុភូមិនិងប្រជាជនកម្ពុជា ពិសេសការបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី, ការធានាការពារជាដាច់ខាត់នូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា, ការបន្តធានាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ, ការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ»។

តទៅនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងរៀបចំសមាសភាពរាជរដ្ឋាភិបាល ដើម្បីសុំការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា ដែលគ្រោងនឹងបើកសម័យប្រជុំនាពេលដ៏ខ្លីខាងមុខ ដោយអនុវត្តទៅតាមនីតិវិធីជាធរមានស្របតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *