ព័ត៌មានជាតិ

ព្រលានយន្តហោះពោធិ៍ចិនតុង នឹង​ត្រូវ​រក្សាទុកជាប្រវត្តិសាស្រ្ត ដោយ​មិន​មានការ​លក់ទៅ​ឱ្យ​ឯកជន​នោះឡើយ

ទីបំផុតទៅ ជោគវាសនាព្រលានយន្តហោះពោធិ៍ចិនតុង ក្រោយ​ឈប់ប្រើប្រាស់ត្រូ​វបាន​បញ្ជាក់ហើយ ដោយ​សម្តេចនាយករដ្ឋមន្រ្តីបានប្រកាស​ថា ព្រលានយន្តហោះដែលមានអាយុជិត៧០ឆ្នាំមួយនេះ នឹងមិនត្រូវលក់​ ឬដោះ​ដូរ​ទៅ​ឱ្យ​ឯកជននោះឡើយ។

ក្នុង​ឱកាស​ចូលរួម​កម្មវិធីខួបអនុស្សាវរីយ៍​លើក​ទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអះអាងថា ទោះបីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញត្រូវបិទទ្វារ រាជរដ្ឋាភិបាលនឹងនៅតែរក្សាព្រលានយន្តហោះទុកដដែល ដោយគ្មានការលក់ទៅឱ្យភាគីណាមួយនោះទេ។ សម្តេចធិបតីបញ្ជាក់ថា៖«ម៉ោងនេះ ស្មើនេះ គឺគ្មានគោលការណ៍ ហើយពីមុនមកគឺគ្មានគោលការណ៍កន្លែងណាដែលថា សម្រេចលក់ព្រលានយន្តហោះនេះ [ព្រលានយន្តហោះពោធិ៍ចិនតុង] ឱ្យទៅឯកជននោះទេ។

សម្តេចធិបតី ក៏បានឱ្យដឹងថា ក្រៅពីមិនលក់ដូរទៅឱ្យឯកជនហើយ ព្រលាននឹងរក្សាទុកប្រើប្រាស់សម្រាប់យន្តហោះណាមួយចុះចតពេលមានគ្រោះអាសន្នម្ដងម្កាលទៅវិញ។

គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លាតសន្ធឹងលើផ្ទៃដីជាង៤០០ហិកតា។ អាកាសយាន្តដ្ឋាននេះ ត្រូវបានសាងសង់តាំងពីឆ្នាំ១៩៥៧ និងរួចរាល់ដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៩៥៩ ពោលគិតមកដល់ពេលបច្ចុប្បន្ន បានបម្រើដល់អ្នកដំណើរចេញ-ចូលកម្ពុជាប្រមាណ៦៦ឆ្នាំហើយ។ យ៉ាងណា ចាប់ពីយប់ម៉ោង០០:នាទី ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ តទៅ ការហោះហើរទាំងស្រុងនឹងផ្ទេរទៅអាកាសយានដ្ឋានអន្តរជាតិតេជោតែម្ដង៕