ព័ត៌មានជាតិ

ឆ្នាំនេះមានទូកចំនួន ៣៣៨ទូក និងប្រទីបចំនួន ៣០ ចូលរួមប្រណាំង និងបណ្តែត ក្នុងព្រះរាជពិធីបុណ្យអុំទូក

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៣នេះ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃ ១៤-១៥ កើត និងថ្ងៃ ១រោច ខែកក្តិក ត្រូវនឹងថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះមានទូកអុំចំនួន ១៥៨ទូក ,ទូកចែវបុរស៤២ទូក, ទូកចែវនារី១ទូក ,ទូកខ្នាតអន្តរជាតិបុរសចំនួន ១៣៥ទូក’ នារី ២ទូក, មានចំណុះទូកសរុបទាំងអស់ចំនួន ២០៤៤នាក់ ដែលមកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥។

ជាមួយគ្នានេះ ក៏​មានប្រទីបចំនួន ៣០ ក្នុងនោះមកពីក្រសួងនិង ស្ថាប័នរដ្ឋចំនួន ២៨ និងប្រទីបវិស័យឯកជនចំនួន២ នឹងធ្វើការបណ្តែតតាមដងទន្លេសាបមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះដែរ។

បើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មជាតិរៀបចំពិធីបុណ្យអុំទូកបានបញ្ជាក់ថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបើកការប្រណាំងទូក នៅថ្ងៃទី ២៦ ខែវិច្ឆិកា នឹងស្តេចយាងក្នុងព្រះរាជពិធីកាត់ព្រ័ត្រ នៅរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣៕