ព័ត៌មានជាតិ

ក្រសួងអប់រំនឹងរៀបចំការប្រឡងបាក់ឌុបនៅដើមខែធ្នូ

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំ ២០២១ នេះ ក្រសួងបានកំណត់ថ្ងៃប្រឡងនៅដើមខែធ្នូខាងមុខនេះ។

យោងតាមលិខិតរបស់ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ជម្រាបជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្តបានបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ នឹងធ្វើឡើងនៅថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២១។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការប្រឡងនៅឆ្នាំនេះក្រសួងនៅតែបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធ ផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាពតាមការគ្រោងទុក។

«ក្រសួងអប់រំ យុវជន និងកីឡា សូមលើក ទឹកចិត្តសិស្សានុសិស្សនិងបេក្ខជនប្រឡងទាំងអស់បន្តខិតខំប្រឹងប្រែងរៀនសូត្រពីចម្ងាយ និងតាមអនឡាញ ទន្ទឹមនឹងការសិក្សាក្នុងថ្នាក់ដោយបន្តថែទាំសុខភាព និងគាំទ្រគ្នាទៅវិញទៅមក ខណៈដែលកម្ពុជានិងពិភពលោកនៅកំពុងប្រឈមជាមួយនឹងកូវីដ-១៩ នៅឡើយ។ ក្នុងន័យនេះក្រសួងអប់រំ យុវជន និង កីឡា នៅតែបន្តលើកកម្ពស់គុណភាពអប់រំនិងគុណភាពប្រឡង ដើម្បីឆ្លើយតបនឹងតម្រូវការសិក្សាក្នុងបរិបទកូវីដ-១៩»។

យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា វិញ្ញាសាជម្រើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវបានកំណត់ចំនួន២ ដោយទី ១. សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (ប្រវត្តិសាស្ត្រ) និង២.សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ផែនដី និងបរិស្ថានវិទ្យា)៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *