ព័ត៌មានជាតិ

ល្បែងជល់មាន់​ បើក​លេង​ដោយ​សេរី​​នៅ​ឃុំពត់សរ ខណៈអាជ្ញាធរ​បិទភ្នែក​មិន​អើពើ

(តាកែវ) ៖ បើទោះបីជា​អាជ្ញាធរ​ស្រុកបាទី​បានអះអាងពី​ការ​បង្រ្កាប​ល្បែង​ស៊ីសង​ ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាពក៏ដោយ ប៉ុន្តែ​ល្បែង​ជល់មាន់ដ៏ពេញ​និយមនៅ​តែ​គេ​បើក​លេង​យ៉ាងគគ្រឹកគគ្រេង​ជា​ដដែល ដូចជា​ទីតាំង​ជល់មាន់​ដុះ​ស្លែង​ស្ថិត​​នៅ​ក្នុង​ឃុំ​ពត់សរ នៃស្រុកបាទី​ជា​ដើម។

ទីតាំងជល់មាន់ដុះស្លែមួយ​នេះ ត្រូវ​គេលេង​នៅ​ក្រោម​ម្លប់ជ្រៃ​កណ្តាល​វាលស្រែ ដែល​គេ​អាច​សម្គាល់​បាន​តាម​រយៈ​ម៉ូតូជា​ច្រើន​តម្រៀប​គ្នា​នៅ​តាម​ដងព្រែក និង​មនុស្ស​ជួបជុំ​គ្នា​យ៉ាងអឺងកង​នៅ​ទីទួល​​ក្រោម​ម្លប់ដើមជ្រៃ ក្នុង​ឃុំពត់សរ ដែល​អាជ្ញាធរ​អាច​មើលឃើញ​យ៉ាង​ច្បាស់ ប៉ុន្តែ​គេ​មិន​បង្រ្កាបនោះ​ឡើយ។ ដូច្នេះ តើ​ទីតាំង​មួយ​នេះ​មានខ្នង​បង្អែក​យ៉ាងណា ទើប​អាជ្ញាធរ​មិន​បង្រ្កាប?

បើ​តាម​ប្រភព​​ពី​អ្នក​លេង​ល្បែង​ខ្លះថា ទីតាំងល្បែង​មួយ​នេះ ជារបស់អ្នក​មាន​លុយ​ម្នាក់​ ដែល​គេ​បានរៀបចំ​សំណែន​ដល់​អាជ្ញាធរ​រួចរាល់ហើយ ទើប​​ជា​មិន​មានការ​បង្រ្កាបនោះ។ តាមប្រភពដដែលថា ដើម្បីអាច​បើក​ទីតាំងល្បែង​ដោយ​គ្មាន​ការ​រំខាន​ពីសមត្ថកិច្ច​យ៉ាង​ដូចនេះបាន ជា​ដំបូង​គេ​ត្រូវ​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុង​មូលដ្ឋាន​​ពីថ្នាក់ស្រុក​ ដល់ថ្នាក់ឃុំ ដោយ​ត្រូវ​រៀបចំជា​សំណែន​ប្រចាំខែ ទើប​ទីតាំង​នោះ​អាច​បើក​លេង​សុខសាន្ត​គ្មានការ​រំខាន ព្រោះថា សមត្ថកិច្ច​មូលដ្ឋាន​លោក​​ដឹងណាស់​ថាទីតាំងណាមានលេងល្បែង​ស៊ីសង ព្រោះ​ជាមូលដ្ឋាន​របស់គេ។

ចំពោះករណី​យើង​មិន​អាច​សុំ​ការ​បំភ្លឺពី​លោក ម៉ែន វណ្ណា មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ពត់សរ​បានទេ​នៅ​ថ្ងៃនេះ។

គួរ​បញ្ជាក់ដែរថា នៅ​ក្នុង​ឃុំពត់សរ មិន​មែន​មានតែ​ទីតាំង​ជល់មាន់កណ្តាល​វាលស្រែ​នេះ​ប៉ុណ្ណោះ​ទេ គឺនៅ​មាន​ទីតាំង​ល្បែង​ជា​ច្រើន​ទៀត ដែល​ខ្លះ​មាន​លេង​ជា​របៀបជល់មាន់តាមអនឡាញ ខ្លះ​ទៀតមានលេង​ជា​ល្បែង​បៀរ​ អាប៉ោង​ជាដើម ដែល​អាជ្ញាធរ​មូលដ្ឋាន​ ពិសេស​លោកមេប៉ុស្តិ៍​ឃុំពត់សរដឹង​យ៉ាង​ច្បាស់ ប៉ុន្តែ​មិន​បង្រ្កាប ដែលនេះ ត្រូវ​មហាជន​សន្និដ្ឋានថា ប្រហែលជា​លោក​មេប៉ុស្តិ៍​ទទួលបាន​សំណែន​ច្រើន​ហើយ​មើលទៅ ទើប​ជា​មិន​ព្រមបង្រ្កាប​សោះ។

សូម​បញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់ចេញ​នូវ​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ចំនួន៧ចំណុច ដោយ​តម្រូវ​ឲ្យ​អាជ្ញាធរ​ចាំបាច់​ត្រូវ​អនុវត្ត​ដើម្បីភាពសុខសាន្ត​របស់ប្រជាពលរដ្ឋ​ ក្នុង​នោះ​រួមមាន ៖ ទី១-ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ទី៣-មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ទី៥-ដោះស្រាយវិធានការនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និងទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

បើយោង​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាពទាំង៧ចំណុច​ខាងលើ ល្បែង​ស៊ីសងខុសច្បាប់ គឺស្ថិត​នៅ​ក្នុង​ចំណុច​ទី២​នៅ​ក្នុង​គោល​នយោបាយ​នោះ ដូច្នេះ​ប្រសិន​បើអាជ្ញាធរ​មិន​បាន​ចូល​រួម​ក្នុង​ការ​ទប់ស្កាត់​ បង្រ្កាប​ល្បែង​ស៊ីសង​នោះទេ គឺ​ប្រៀប​បាន​នឹង​ការ​ប្រឆាំង​ទៅ​នឹង​គោល​នយោបាយ​​​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែលបានដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​ហើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *