ព័ត៌មានជាតិ

ទីក្រុងកម្ពុជាចំនួន៤ អាចក្លាយជាសមាជិកអង្គការ​ផ្សព្វផ្សាយទេសចរណ៍ TPO

(ភ្នំពេញ) – ទីក្រុងសំខាន់ៗរបស់ប្រទេសកម្ពុជាដែលមានសក្ដានុពលទេសចរណ៍ ដូចជារាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងបាត់ដំបងជាដើម ត្រូវបានវាយតម្លៃថាអាចក្លាយជាសមាជិកអង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៉ីប៉ាស៉ីហ្វិក ហៅកាត់ TPO ដែលនឹងទទួលបានគុណប្រយោជន៍យ៉ាងច្រើនផ្នែកផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ទៅកាន់អន្តរជាតិ។

ការវាយតម្លៃនេះត្រូវបានលើកឡើងដោយផ្ទាល់ចេញពីលោក វូ ឃ្យុងហា (WOO Kyoungha) អគ្គលេខាធិការអង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅអាស៉ីប៉ាស៉ីហ្វិក (TPO) ក្នុងពេលជំនួបពិភាក្សាការងារជាមួយប្រតិភូក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

នាជំនួបនោះ លោកអគ្គលេខាធិការ វូ ឃ្យុងហា បានកោតសរសើរចំពោះការគ្រប់គ្រង ការអភិវឌ្ឍនៅតាមបណ្ដាទីក្រុងមួយចំនួនរបស់កម្ពុជា ហើយលោកក៏បានបញ្ជាក់ថា ទីក្រុងទាំងនោះក៏អាចក្លាយជាសមាជិកអង្គការ TPO បាន ដូចជារាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងបាត់ដំបងជាដើម។

លោកអគ្គលេខាធិការបានបញ្ជាក់ថា គុណប្រយោជន៍ដែលបានពីការចូលជាសមាជិកអង្គការ TPO នេះ គឺជំរុញការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍នៅតាមទីក្រុងជាសមាជិកទាំងនោះទីកាន់បណ្ដាញក្នុងអង្គការ និងទៅកាន់ពិភពលោក។ ក៏ចាំបាច់ផងដែរក្នុងការអនុញ្ញាតឱ្យរដ្ឋបាលក្រុងសមាជិកនីមួយៗអាចផ្លាស់ប្ដូរបទពិសោធន៍ក្នុងការអភិវឌ្ឍ ការគ្រប់គ្រង ការរៀបចំសោភ័ណភាព ការពង្រីកសក្ដានុពលទេសចរណ៍ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមនានាពីគ្នាទៅវិញទៅមក។

លោកអគ្គលេខាធិការអង្គការ TPO បានបញ្ជាក់ទៀតថា អង្គការលោកនឹងអាចអញ្ជើញតំណាងរដ្ឋបាលទីក្រុងសំខាន់ៗរបស់កម្ពុជាចូលរួមក្នុងមហាសន្និបាតរបស់អង្គការ ដែលគ្រោងធ្វើឡើងនាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឃ្យុងយូ ប្រទេសកូរ៉េខាងត្បូង ក្នុងនាមជាបេក្ខភាពទីក្រុងសង្កេតការណ៍។ ប្រសិនបើមានការវាយតម្លៃត្រឹមត្រូវគ្រប់លក្ខខណ្ឌ នោះទីក្រុងសំខាន់ៗរបស់កម្ពុជាខាងលើនឹងអាចក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការ TPO តែម្ដង។

បច្ចុប្បន្នមានទីក្រុងអាស៊ានមួយចំនួនដែលបានចូលជាសមាជិកអង្គការ TPO ដូចជានៅប្រទេសវៀតណាម ឡាវ ម៉ាឡេស៉ី ឥណ្ឌូណេស៉ី ហ្វីលីពីន ទីម័រខាងកើត ខណៈប្រទេសខ្លះមានទីក្រុងលើសពី១០ដែលបានចូលជាសមាជិក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *