រោងចក្រផលិតស៊ីម៉ង់ត៍ថ្មីមួយទៀតគ្រោងនឹងបើកនៅខេត្តបាត់ដំបង ក្នុងទុនវិនិយោគ ៩៥លានដុល្លារ
ភ្នំពេញ – ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន DONGFANG JUNMA CEMENT CO., LTD” វិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៧៩កន្លែង។
បច្ចុប្បន្នខេត្តបាត់ដំបងមានរោងចក្រផលិតស៊ីម៉ង់ត៍រួចស្រេចហើយ គឺរោងចក្រផលិតស៊ីម៉ង់ត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត ដែលវិនិយោគអស់ទឹកប្រាក់ ២៣០លានដុល្លារ នៅទីតាំងនៅតំបន់ភ្នំដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ សមត្ថភាពរោងចក្រនេះ អាចផលិតស៊ីម៉ង់ត៍បានជិត ២លានតោនក្នុងមួយឆ្នាំ។
កាលពីសប្តាហ៍មុននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីរោងចក្រកាត់ដេរនៅស្រុកសំគងពិសី ខេត្តកំពង់ស្ពឺ បានលើកឡើងថា សព្វថ្ងៃនេះនៅទូទាំងប្រទេសយើងអាចផលិតស៊ីម៉ង់ត៍បានប្រមាណ ៩លានតោន ប៉ុន្តែបរិមាណនេះមិនអាចផ្គត់ផ្គង់គ្រប់តាមតម្រូវការនៃការប្រើប្រាស់បានឡើយ ដោយសារតែការកសាងអគារ កសាងផ្លូវថ្នល់ ចាប់ផ្ដើមប្រើប្រាស់ស៊ីម៉ង់តិ៍។
ក្នុងឱកាសនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបពីគម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍មួយនៅខេត្តកំពង់ស្ពឺផងដែរ ដែលមានសមត្ថភាពអាចផលិតបានប្រមាណ ២លានតោន ក្នុងមួយឆ្នាំ។
សូមជម្រាបថា បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតស៊ីម៉ង់ត៍នៅទូទាំងប្រទេសកំពុងដំណើរការចំនួន ៥ ដែលអាចមានសមត្ថភាពផលិតប្រមាណ ៩លានតោនក្នុង១ឆ្នាំ ហើយរោងចក្រទាំងនេះភាគច្រើនមានទីតាំងនៅក្នុងទឹកដីខេត្តកំពត៕