ព័ត៌មានជាតិ

សមត្ថកិច្ច​ និងមន្ដ្រីគយធំៗកំពង់ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​មាន់​រស់​តាម​ច្រក​តំបន់​បឹង​ត្រកួន ដើម្បី​ជា​ថ្នូរ​នឹង​អង្គុចាំទទួលផលប្រយោជន៍​!!

ប្រភពពី​ប្រជាពលរដ្ធនិងមន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន និង​លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​មាន់​រស់​ពី​ស្រុក​សៀម មក​ចែកចាយ​ក្នុង​ទីផ្សារ​នៅ​ខេត្តកំពង់ស្ពឺ យ៉ាង​គឃ្លើន​។ ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង បង្ក្រាប​រថយន្ត​ធុន​តូច​និង​រថយន្ត​ធុន​ធំ​ដែល​ដឹក​ចូល​តាម​ច្រក​តំបន់​បឹង​ត្រកួន ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តកំពង់ឆ្នាំង​។ ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ការបង្ក្រាប​រថយន្ត​ធុន​តូច​និង​រថយន្ត​ធុន​ធំ​ដឹក​មាន់​រស់​ពី​ស្រុក​សៀម​នោះ គឺធ្វើឡើង​នៅ​ចំណុច​ភូមិ​ឈើ​នាគ ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​។

​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ឃាត់​រថយន្ត​ដឹក​មាន់​រស់​មួយគ្រឿង​របស់​ក្រុមហ៊ុន​ច​ន្ធូ​មានជ័យ ដែលមាន​អ្នក​រត់ការ​ឈ្មោះ ហង្ស ជួន​ណាត ហៅ​សិលា ហើយ​មាន់​ក្នុង​រថយន្ត​នោះ​មាន​ចំនួន​១៩៤៤​ក្បាល​ចេញពី​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ខេត្តកំពង់ឆ្នាំង ចូលទៅ​លក់​ចែកចាយ​នៅ​ខេត្តកំពង់ស្ពឺ​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកជញ្ជូន​មាន់​រស់​របស់​ក្រុមហ៊ុន​ច​ន្ធូ​មានជ័យ​នោះ មិនមាន​លិខិតអនុញ្ញាត​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឡើយ ហើយ​ទាំង​រថយន្ត​និង​មាន់​ត្រូវបាន​នាំយកទៅ​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​កំពង់ឆ្នាំង ដើម្បី​បំពេញ​សំណុំ​ឯកសារ​សុំ​គោលការណ៍​ទៅ​ក្រសួងកសិកម្ម ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ តាម​ការអះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា កន្លងមក​ក្រុមហ៊ុន​ច​ន្ធូ​មានជ័យ ដែលមាន​អ្នក​រត់ការ​ឈ្មោះ ហង្ស ជួន​ណាត ហៅ​សិលា តែង​រកស៊ី​តាមរបៀប​លោតឆ័ត្រ​យ៉ាង​គឃ្លើន​។

ទាក់ទង​បញ្ហា​ខាងលើនេះ​បើតាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ច្រក​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន និង​ពី​លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ ទេនោះ​គឺ​ក្រុមហ៊ុន​ច​ន្ធូ​មានជ័យ មិនអាច​ដឹកជញ្ជូន​មាន់​រស់​ចូល​តាម​ច្រក​បឹង​ត្រកួន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​បានឡើយ​។ ជាក់ស្ដែង​រថយន្ត​ដឹក​មាន់​រស់​ពី​ស្រុក​សៀម ចូល​តាម​ច្រក​តំបន់​បឹង​ត្រកួន ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ចូលទៅ​ខេត្តកំពង់ស្ពឺ ត្រូវ​សមត្ថកិច្ច​ក្នុង​ខេត្តកំពង់ឆ្នាំង បង្ក្រាប​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​។ ហេតុនេះ​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នៅតែ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​មាន់​រស់ ជ្រូក​រស់ និង​ទំនិញគេចពន្ធ​ពី​ស្រុក​សៀម យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​និងចាំ$ ទទួលផលប្រយោជន៌..៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *