អន្តរជាតិ

កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋអាមេរិក គ្រោងធ្វើសមយុទ្ធរួមគ្នា​ដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ូកយុល (Yoon Suk-yeol) បាននិយាយនៅក្នុងបទសម្ភាសមួយថា កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកកំពុងពិភាក្សាគ្នាអំពីផែនការ និងសមយុទ្ធរួមគ្នា ដោយប្រើប្រាស់សព្វាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក ដើម្បីប្រឈមមុខនឹងកំណើននៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។

កាសែត Chosun Ilbo បានដកស្រង់សម្តីលោក យូន ដោយនិយាយថា ការធ្វើផែនការ និងសមយុទ្ធរួមនេះ មានគោលបំណងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនៃការរារាំងបន្ថែមរបស់សហរដ្ឋអាម៉េរិ​ក តាមរយៈការប្រើប្រាស់កម្លាំងយោធានុយក្លេអ៊ែរ ក្នុងការទប់ស្កាត់ការវាយប្រហារលើកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់អាម៉េរិក។ លើសពីនេះ លោក យូន បានលើកឡើងថា អាវុធនុយក្លេអ៊ែរជាកម្មសិទ្ធិរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែការធ្វើផែនការ ការចែករំលែកព័ត៌មាន សមយុទ្ធ និងការហ្វឹកហ្វឺនគួរតែធ្វើឡើងរួមគ្នាដោយកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក។

ការកត់សម្គាល់របស់លោក ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំ គីម ជុងអ៊ុន បានអំពាវនាវឱ្យបង្កើតមីស៊ីលផ្លោងអន្តរទ្វីបថ្មី និងឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងមុន ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលដឹកនាំដោយសហរដ្ឋអាម៉េរិក ចំពេលមានភាពតានតឹងរវាងគូប្រជែងកូរ៉េ។

កាលពីថ្ងៃអាទិត្យទី ១ ខែមករាឆ្នាំ ២០២៣ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នៅក្នុងការសាកល្បងអាវុធដ៏កម្រក្នុងថ្ងៃចូលឆ្នាំថ្មី បន្ទាប់ពីមីស៊ីលផ្លោងចំនួន ៣គ្រាប់បានបាញ់កាលពីថ្ងៃសៅរ៍។

ជុំវិញការពិភាក្សាអំពីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង លោក យូន បានអះអាងថា ការរក្សាសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនៅតែមានសារសំខាន់ជានិច្ច។ ការិយាល័យរបស់លោក យូន បានបង្ហាញថា ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បាននិយាយកាលពីថ្ងៃអាទិត្យថា កូរ៉េខាងជើងបានបន្តការញុះញង់នុយក្លេអ៊ែរ និងមីស៊ីលជាបន្តបន្ទាប់ ហើយយោធាកូរ៉េខាងត្បូងគួរតែឆ្លើយតបដោយការសងសឹកច្បាស់លាស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *