កម្ពុជា-ថៃ ជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យបាន ១ម៉ឺន៥ពាន់លានដុល្លារអាមេរិក
ភ្នំពេញ – នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ បានឯកភាពគ្នាចំនួន៨ចំណុចដែលក្នុងនោះទាក់ទងកិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំងពីរ និងពាណិជ្ជកម្ម ក្នុងនោះប្រមុខរាជរដ្ឋាភិបាលទាំងពីរបានព្រមព្រៀងគ្នាធ្វើយ៉ាងណាជំរុញធ្វើពាណិជ្ជកម្មឱ្យបានកើនដល់ ១ម៉ឺន៥ពាន់លានដុល្លារអាមេរិក។
ថ្លែងក្នុងជំនួបនៅវិមានសន្ដិភាព ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ បានឯកភាពគ្នាលើបន្តសហការគ្នាជំរុញតួនាទីស្នូលនៃអាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជំរុញបន្តកិច្ចសហប្រតិបត្តិការណ៍ទេសចរណ៍ ជំរុញបន្តកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មជាពិសេសលើវិស័យកសិកម្ម ជំរុញបន្តកិច្ចសហប្រតិបត្តិការលើវិស័យសន្ដិសុខតាមព្រំដែន ជំរុញបន្តកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ និងសំណល់ក្នុងសមុទ្ទ ជំរុញការតភ្ជាប់ផ្លូវគមនាគមន៍រវាងប្រទេសទាំងពីរ និងជំរុញការដោះមីនតាមទីតាំងរួមរវាងប្រទេសទាំងពីរ។
ជំនួយការនាយករដ្ឋមន្ត្រីលោក អ៊ាង សុផល្លែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ការជំរុញធ្វើសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មតាមរយៈការស្វែងរកការធ្វើពាណិជ្ជកម្មលើវិស័យផ្សេងទៀតជាពិសេសលើវិស័យកសិកម្មដើម្បីបង្កើនទំហំពាណិជ្ជកម្មប្រទេសទាំងពីរឱ្យបានដល់ ១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក»។
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ឆ្នាំ២០២១ សម្រេចបានទឹកជិត៨ពាន់លានដុល្លារ កើនឡើង១០% បើធៀបនឹងឆ្នាំ២០២០ ក្នុងនោះការនាំចេញពីកម្ពុជាទៅថៃ ក្នុងឆ្នាំ២០២១ ក្នុងទំហំទឹកប្រាក់ ៨៩៤លានដុល្លារអាមេរិក បានធ្លាក់ចុះ ២២% បើធៀបនឹងឆ្នាំ២០២០ ដែលមានតម្លៃទឹកប្រាក់ ១.១៥ពាន់លានដុល្លារអាមេរិក។ ចំណែកការនាំចូលពីថៃ បានកើនឡើង១៦% ពីទឹកប្រាក់ ៦,១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ ដល់ ៧,១ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១៕