ព័ត៌មានជាតិ

បុណ្យ​អុំទូក៣ថ្ងៃ មានមនុស្ស​១៦នាក់ស្លាប់ និង​៤៤នាក់របួស​ដោយ​សារ​គ្រោះថ្នាក់ចរាចរណ៍

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិបានឱ្យដឹងថា រយៈពេល​ ៣​ ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ​ចាប់ពី​ថ្ងៃទី​ ៧ ដល់​ថ្ងៃទី​ ៩ ខែវិច្ឆិកា ឆ្នាំ​ ២០២២ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ​២៧ លើក បាន​កើតឡើង​ទូទាំងប្រទេស ដោយបណ្តាល​ឱ្យ​ស្លាប់មនុស្ស​​ចំនួន​ ១៦ នាក់ និង​របួស​សរុប​ចំនួន​ ៤៤ នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន ​៣១ ​នាក់​។​

លោក ហេង ចាន់​ធា​រី ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឱ្យដឹង​ថា ចំនួននេះ បើ​ធៀប​នឹង​ឆ្នាំមុន ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​សរុប​មានការ​ថយចុះ ​៨ លើក ឬ​ស្មើ​ ១៨​ ភាគរយ​។ ចំពោះ​ចំនួន​អ្នកស្លាប់​វិញ គឺមាន​ការថយចុះ​ចំនួន ​៦​ នាក់ ឬ​ស្មើនឹង​ ២៧ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំមុន ដែលមាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ទៅ​​២២ នាក់​។​

សម្រាប់​​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើតមាន​គ្រោះថ្នាក់ គឺដោយសារ​ល្បឿន មាន ​៨ ​លើក មិន​គោរព​សិទ្ធិ​មាន ​៧​ លើក មិន​ប្រកាន់​ស្តាំ​មាន ​៤​ លើក ប្រជែង​គ្រោះថ្នាក់​មាន​ ៤ ​លើក កត្តា​យានយន្ត​មាន​៣​លើក និង​បត់​គ្រោះថ្នាក់​មាន ១​លើក​។ អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​នេះ ភាគច្រើន​ជា​អ្នកបើកបរ​ម៉ូតូ មាន​ ១២ ​នាក់ ហើយ​អ្នក​ថ្មើរ​ជើង​ចំនួន ៣ ​នាក់ និង​អ្នកធ្វើដំណើរ​តាម​រថយន្ត​តូច​ម្នាក់​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *