ព័ត៌មានជាតិ

ស្ថានទូតខ្មែរនៅកូរ៉េ បញ្ជាក់ថា ពលករខ្មែរប្រមាណជិត៤០០នាក់បានរត់ចោលការងារនៅកូរ៉េ​តាមការឃោសនាលិចពិភពលោក

លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់កាលពីថ្ងៃទី១ ខែកញ្ញា ថា ពលករខ្មែរប្រមាណជិត៤០០នាក់បានរត់ចោលការងារនៅប្រទេសកូរ៉េ ដោយសារជឿលើរឿងអបិយជំនឿ​ជន់លិច​ពិភពលោក។

បើតាម​ការ​បញ្ជាក់របស់​លោកជំទាវឯកអគ្គរាជទូកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ​ដោយបញ្ជាក់ថា ពលករខ្មែរដែលរត់ចោលការងារជិត៤០០នាក់នោះ ភាគច្រើនពួកគេជាអ្នកមកធ្វើការផ្នែកកសិកម្ម ឧស្សាហកម្ម និងសំណង់។

ជាមួយ​គ្នានេះដែរ លោកជំទាវ ជ្រឹង បុទុមរង្សី ក៏​បានបង្ហាញអារម្មណ៍សោកស្តាយជំនួសពលករខ្មែរនៅកូរ៉េដែលបានបាត់បង់ឱកាសការងារដ៏ល្អនៅប្រទេសកូរ៉េ។ «បើទោះបីកន្លងមកស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានខិតខំសម្របសម្រួល និងពន្យល់ណែនាំដល់បងប្អូនពលករអំពីករណីនេះ ក៏បងប្អូនយើងមួយចំនួននៅតែមានះ ទទូចចង់វិលត្រឡប់ទៅកម្ពុជាវិញយ៉ាងតក់ក្រហល់ ដែលធ្វើឱ្យបាត់បង់ការងារ ប៉ះពាល់ដល់សេដ្ឋកិច្ចផ្ទាល់ខ្លួន និងផលប្រយោជន៍នានាសម្រាប់គ្រួសាររបស់ខ្លួន ជាពិសេសប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងសង្គមទៀតផង»។

ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានអះអាងថា ការរត់ចោលការងារនៅប្រទេសកូរ៉េ ដោយពុំទទួលបានការអនុញ្ញាតពីម្ចាស់ក្រុមហ៊ុន និយោជក ​គឺជាអំពើខុសច្បាប់​ ប្រឈមនឹងបាត់បង់ការងារ​កិត្តិយស កេរ្តិ៍ឈ្មោះ ជាពិសេសប៉ះពាល់ដល់ឱកាសការងារសម្រាប់ពលរដ្ឋខ្មែរដទៃទៀតនៅថ្ងៃអនាគត ព្រមទាំងធ្វើឲ្យសង្វាក់ផលិតកម្មរបស់និយោជកកូរ៉េរងនូវផលប៉ះពាល់ផងដែរ​។

លោកជំទាវឯកអគ្គរាជទូកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ និងបងប្អូនពលករ ដែលរស់នៅ និងកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ សូមរក្សាភាពស្ងប់ស្ងាត់ និងបន្តអនុវត្តន៍កិច្ចការងាររបស់ខ្លួន ដោយឈរលើស្មារតីសាមគ្គីភាព និងការអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *