ព័ត៌មានជាតិ

ឃាត់ខ្លួនតំណាងក្រុមហ៊ុនយូនីស៊ីធីពីរនាក់ ករណីឆបោកប្រាក់ប្រជាពលរដ្ឋ

កម្លាំងសមត្ថកិច្ចនគបាលស្រុកត្រាំកក់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ ដែលជាតំណាងក្រុមហ៊ុនយូនីស៊ីធី រងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានឆបោកប្រាក់‍ប្រជាពលរដ្ឋនៅខេត្តកំពត និងខេត្តតាកែវ កន្លងមកអស់រាប់សិបម៉ឺនដុល្លារ។

យោងតាមការបញ្ជាក់របស់ លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគបាលស្រុកត្រាំកក់ បានថ្លែងឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ បន្ទាប់ពីមានប្រជាពលរដ្ឋចំនួន៤នាក់ បានមកដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ចស្រុកត្រាំកក់ ទៅលើជនសង្ស័យចំនួន២នាក់ រួមមាន៖ ទី១. ឈ្មោះជៀន វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប មានមុខងារជាតំណាងចែកចាយផលិតផលក្រុមហ៊ុនយូនីស៊ីធី។ ទី២. ឈ្មោះ ឈិន វ៉េត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត មានមុខងារជាដំណាងចែកចាយលក់ផលិតផលក្រុមហ៊ុនយូនីស៊ីធី ដោយរងនូវការចោទប្រកាន់ពីបទឆបោក និងរំលោភទំនុកចិត្ត។

លោកអធិការស្រុកត្រាំកក់ បានបន្តថា ជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹង ទី១.ឈ្មោះ ចាន់ ចី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដំណាក់ឈើក្រម ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ ២៨០០០ដុល្លារអាម៉េរិក និងប្រាក់រៀលអស់៦លានរៀល។ ទី២. ឈ្មោះ ណុប ចាន់ណា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិប្រមូល ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់៣៨៣០០ដុល្លារអាម៉េរិក។ ទី៣. ឈ្មោះ កយ ជា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ប្រាក់អស់៧០០០ដុល្លារអាម៉េរិក និងទី៤. ឈ្មោះ ស៊ឹម ហ៊ីម ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់៤០០០០ដុល្លារអាម៉េរិក។

លោកអធិការនគរបាលស្រុកត្រាំកក់ បានបន្ថែមថា ក្រោយពីទទួលបានពាក្យបណ្ដឹង និងដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការ ព្រមទាំងមានការដឹកនាំសម្របសម្រួលនីតិវិធីដោយ ឯកឧត្ដម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ មកសាកសួរកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *