ព័ត៌មានជាតិ

សាលាដំបូង​ខេត្តកំពង់ធំ សម្រេច​ឃុំខ្លួន ឯម ជុ​យ ពីបទ​កាប់​ដើមឈើ ក្នុង​ចំការ​ដាំ​ឈើ​របស់​រដ្ឋ ក្នុងស្រុក​សន្ទុក

សាលាដំបូង​ខេត្តកំពង់ធំ បានសម្រេច​ឃុំខ្លួន ជន​ត្រូវ​ចោទ ឈ្មោះ ឯម ជុ​យ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ បច្ចុប្បន្ន ភូមិ​សូ​សា ឃុំ​ក្រយា ស្រុក​សន្ទុក ពីបទ កាប់​ដើមឈើ ក្នុង​ចំការ​ដាំ​ឈើ​របស់​រដ្ឋ ក្នុង​ឃុំ​ក្រយា ស្រុក​សន្ទុក ។

​បើ​យោងតាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លេខ ២៣៩ របស់លោក សុខ ឧត្ដម ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពង់ធំ បានឱ្យដឹងថា​: ឈ្មោះ ឯម ជុ​យ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ត្រូវបាន​ដាក់​ឲ្យ​នៅក្រោម​ការពិនិត្យ ពីបទ​កាប់​ដើមឈើ ក្នុង​ចំការ​ដាំ​ឈើ​របស់​រដ្ឋ ប្រព្រឹត្ត​នៅ​ចំណុច​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​អូរ​បឹង​រូង​៣ ភូមិ​សួ​សាង ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ កាលពី ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ០៨ និង ៣០​នាទី​ព្រឹក ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៩៨ កថាខណ្ឌ ២ ចំណុច​៤ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ​ឆ្នាំ​២០០២​។

លោក តិ​ប ញាតា នាយ​អធិការ​ខាងជើង​បឹង​ទន្លេសាប បានឱ្យដឹងថា ក្រុម​ទុច្ចរិត​ទាំងអស់នេះ​បានធ្វើ​សកម្មភាព​លួច​កាប់បំផ្លាញ កាលពី​ថ្ងៃទី ៤-៥ ខែមិថុនា ពេល​សមត្ថកិច្ច​ជំនាញ​មកដល់ បាន​រត់គេច​តែម្តង រហូតដល់​ថ្ងៃទី ២៥ – ២៦ ខែមិថុនា ឆ្នាំ​២០២២ ក្រុម​ទុច្ចរិត បានធ្វើ​សកម្មភាព​ទ្រង់ទ្រាយ​ធំ ហើយ​កម្លាំង​ជំនាញ​យើង ចូលទៅ​ឃាត់ ក្រុម​ទុច្ចរិត​ទាំងអស់​នោះបាន​គម្រាម​សមត្ថកិច្ច ដោយ​ពួកគាត់ មានកាំបិត កាំភ្លើង​ខ្យល់​ជាដើម ហើយ​មួយក្រុម​នោះ មាន​គ្នីគ្នា​ប្រហែលជា ២០ នាក់​ឯណោះ ។

​លោក​បាន​បន្តថា​ ដល់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ កន្លងមកនេះ កម្លាំង​ជំនាញ​យើង បាន​សហការ​ជាមួយ កម្លាំង​នគ​បាល​ស្រុក​សន្ទុក កម្លាំង​អាវុធហត្ថ​ស្រុក កម្លាំងយោធា​ស្រុក បាន​ដឹកនាំ​ដោយ​លោក ឡង់ គី​សឹង អភិបាលស្រុក​សន្ទុក ។

​ក្នុងឱកាស​នោះ លោក ឡង់ គី​សឹង បានឱ្យដឹងថា​: សោកស្តាយ​ណាស់ ឈើ​ធ្នង់ ឈើ​គ្រញូង នៅ​ស្ថានីយ៍​ស្តារ​ព្រៃឈើ​ឡើងវិញ ដែល​បាន​ដាំ តាំងពី​ឆ្នាំ​២០១៥ ត្រូវបាន​មនុស្ស​មួយក្រុម ចូល​កាប់​រាន ទាំង​ងងឹត​ងងុល​ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទៅវិញ ។

​សូមបញ្ជាក់ថា ចំពោះ​បុគ្គល​ឈ្មោះ សោម សុវណ្ណ​រិ​ទ្ធ ជា​មេខ្លោង បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​កំពូល និង​អួតមាន​តួនាទី​ជា​ជំនួយការ​ថ្នាក់ដឹកនាំ​កំពូល​នោះ និង​បក្ខពួក​មួយចំនួនទៀត កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​កំពុង​ស្រាវជ្រាវ និង​តាម​ប្រមាញ់ ដើម្បី​ចាប់ខ្លួន យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *