ព័ត៌មានជាតិ

បុណ្យ​ចូលឆ្នាំថ្មី៣ថ្ងៃ ទេសចរជិត៤លាន៦សែននាក់ចេញដើរកម្សាន្តនៅទូទាំងប្រទេស

របាយការណ៍​ក្រសួងទេសចរណ៍​បាន​ឱ្យ​ដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ (១៤-១៦ ខែមេសា ឆ្នាំ២០២២) ភ្ញៀវទេសចរចេញដើរកម្សាន្តនៅទូទាំងប្រទេស សរុបចំនួន៤,៥៩០,៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ៤,៥៦១,៤៧៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៨,៨៤៩នាក់។

តួលេខប្រចាំថ្ងៃ បានបង្ហាញថា នៅថ្ងៃទី១៖ ភ្ញៀវមានចំនួន៨៦២,៨៩៧នាក់ ថ្ងៃទី២៖ ភ្ញៀវមានចំនួន១,៥៧៩,២៥១នាក់ និងថ្ងៃទី៣៖ ភ្ញៀវមានចំនួន២,១៤៨,១៧៨នាក់។

សម្រាប់គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖ ខេត្តបាត់ដំបង ៥៦៥,៦១៨នាក់ ខេត្តកំពង់ចាម ៥១៤,៤៤៧នាក់ ខេត្តសៀមរាប ៤០០,៥៩១នាក់ ខេត្តបន្ទាយមានជ័យ ៣៨៨,២៧៣នាក់ ខេត្តព្រៃវែង ៣៨២,៨៦៧នាក់ ខេត្តកំពង់ស្ពឺ ៣៣១,៨០៩នាក់ ខេត្តពោធិ៍សាត់ ២៩៨,០៣៧នាក់​ខេត្តកំពង់ឆ្នាំង ២៧៥,៤០០នាក់ ខេត្តកំពត ២៥៤,២៧០នាក់ ខេត្តព្រះសីហនុ ២៣២,២៦៤នាក់ រាជធានីភ្នំពេញ ២២២,២២០នាក់។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី៣ គឺមានភាពផុសផល និងកុះករជាងគេ ពោលតួលេខថ្ងៃទី៣នេះបន្តកើនឡើងរហូតដល់ប្រមាណ ៣៦.០២% ធៀបនឹងថ្ងៃទី២។ តួលេខខាងលើ មិនបានរាប់បញ្ចូលប្រជាពលរដ្ឋដែលទៅជួបជុំទទួលអាហារជាលក្ខណៈក្រុមគ្រួសារ នៅតាមអាហារដ្ឋាន និងកន្លែងដែលមានរៀបចំជាខ្យុស (Kiosque) អង្គុយលេងញ៉ាំអាហារ និងចំនួនប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដែលបានរៀបចំជាកម្មវិធីជួបជុំនៅរាំលេងកម្សាន្ត​ តាមគេហដ្ឋាន និងតាមភូមិស្រុកនោះផងទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *