គណបក្សចំនួន ៣ ចេញឃោសនារកសំឡេងឆ្នោតនៅថ្ងៃដំបូងនៃយុទ្ធនាការ
គណបក្សនយោបាយចំនួន ៣ បានចេញហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញ នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនា ដែលចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។
លោក ស៊ីម ដូនី ប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតមានគណបក្សចំនួន ៣ នឹងហែក្បួនឃោសនារកសំឡេងបោះឆ្នោត ដោយក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សខ្មែរឈប់ក្រ។
បើតាមមន្រ្តីរូបនោះ គណបក្សកាន់អំណាចនឹងជួបជុំ និងហែក្បួន ដែលមានសមាជិក៧៦.៥០០នាក់ ដែល ៣ម៉ឺននាក់នឹងជួបជុំធ្វើមីទ្ទិញ នៅក្នុងទីធ្លាកោះពេជ្រ និងជាង៤ម៉ឺន៦ពាន់នាក់ ចូលរួមហែក្បួនឃោសនាតាមដងផ្លូវក្នុងរាជធានីភ្នំពេញ។ លោកបន្តថា គណបក្សខ្មែររួបរួមជាតិនឹងមានអ្នកចូលរួមចន្លោះពី ៦០០នាក់ ទៅ ១.០០០នាក់ ជួបជុំនៅទីលានប្រជាធិបតេយ្យ ដើម្បីហែក្បួន។ ចំណែកគណបក្សខ្មែរឈប់ក្រនឹងមានអ្នកចូលរួមចំនួន ១៥០នាក់ ជួបជុំនៅស្នាក់ការគណបក្ស ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ហើយនឹងហែក្បួនឃោសនាផងដែរ។
ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ លោក ស៊ីម ដូនី បន្ថែមថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីអំពាវនាវមួយ ដោយណែនាំ និងស្នើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្តកម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួន ឲ្យប្រព្រឹត្តទៅដោយស្មើភាពគ្នា។
លោកបន្តថា គ.ជ.ប ក៏អំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមវិធានបទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់ គោរពក្រមសីលធម៌ និងគោលការណ៍នានាដែលបានកំណត់ដោយ គ.ជ.ប ដើម្បីឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។
សូមបញ្ជាក់ថា ការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានរយៈពេលមាន ២១ថ្ងៃ គឺចាប់ផ្តើមពីរថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕