៨ខែ ឆ្នាំនេះ! កម្ពុជារកចំណូលបាន ៣២៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ
រយៈពេល៨ខែ ឆ្នាំ២០២១នេះ កម្ពុជា រកចំណូលបាន ៣២៦លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
របាយការណ៍បានបញ្ជាក់ថា «ចំណូលសរុបពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ គិតចាប់ពីដើមឆ្នាំរហូតមកដល់ខែសីហា ឆ្នាំ២០២១ មានចំនួន៣២៦ ៣៣៨ ៧២៨.៨៤ដុល្លារ»។
ចំពោះបរិមាណនៃការនាំចេញ៨ខែឆ្នាំនេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១៩៤ ៥២៥តោន កើនឡើងចំនួន១៤ ៦០៥តោន ស្មើនឹង៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤ ៣៧៩ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម ចាប់ពីដើមឆ្នាំរហូតមកដល់ខែសីហា ឆ្នាំ២០២១ ថ្លៃ១ ៦៧៣ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន៣៨៦ដុល្លារ ក្នុងមួយតោន ស្មើនឹង៣០% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
សូមបញ្ជាក់ថា នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕