ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៣ ទៅ៤ថ្ងៃខាងមុខ ក្រសួងប្រាប់ឲ្យពលរដ្ឋរស់នៅតាមដងទន្លេប្រញាប់ប្រមូលកសិផល
នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ព្យុះទី៧ សេមប៉ាកា និងបណ្តាឥទ្ធិពល នៃព្យុះផ្សេងៗទៀត ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គ បានធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរ ទៅច្រើន ក្នុងអាងទន្លេភាគខាងលើ ដូចជាចិន ថៃ និងប្រទេសឡាវ ព្រមទាំងតំបន់ខ្ពង់រាបភាគឦសាន ប្រទេសកម្ពុជា។
ស្ថានភាពបែបនេះ បានធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើង ហើយនឹងបន្តឡើងក្នុងរយៈពេលពី ៣ ទៅ ៤ថ្ងៃខាងមុខទៀត ដែលអាចបណ្តាលឲ្យជន់លិចតំបន់ទំនាបអមមាត់ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ, តែការហក់ឡើងនេះ មិនទាន់ដល់កម្រិតកម្ពស់ដែលត្រូវមានការប្រុងប្រយ័ត្នទេ។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងស្នើដល់បងប្អូនប្រជាពលរដ្ឋរស់នៅអមសងខាងទន្លេមេគង្គ និងតំបន់ទំនាបនានា រួសរាន់ប្រមូលកសិផលឲ្យពានទាន់ពេលវេលា និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕