ក្រុមអ្នកដឹកផ្លែឈើនៅច្រកដូង លើកគ្នាតវ៉ាមុខស្នាក់ការគយ សុំបញ្ចុះថ្លៃបង់ក្បាលឡាន
អ្នកតវ៉ារាប់សិបនាក់ ដែលភាគច្រើនសុទ្ធតែឈ្មូញដឹកផ្លែឈើពីប្រទេសថៃតាមច្រកអន្តរជាតិដូង នៃស្រុកកំរៀង ខេត្តបាត់ដំបង បានផ្អាកដឹកផ្លែឈើមួយថ្ងៃ ហើយបាននាំគ្នាបើករថយន្តរៀងៗខ្លួន ទៅជួបជុំគ្នានៅខាងមុខស្នាក់ការគយ និងរដ្ឋាក «ដូង» ដើម្បីធ្វើការតវ៉ាទាមទារឲ្យមន្ត្រីគយ នៃស្នាក់ការនេះបញ្ជុះតំលៃបង់ក្បាលរថយន្តដឹកផ្លែឈើ។
តាមក្រុមអ្នកតវ៉ាថា កន្លងមកនេះ មន្ត្រីគយប្រចាំស្នាក់ការនេះ បានបង្ខំទារប្រាក់ពីក្រុមឈ្មូញដឹកផ្លែឈើ ក្នុងរថយន្តសាំយ៉ុងមួយគ្រឿង ត្រូវបង់ប្រាក់ចន្លោះពី ១០ម៉ឺន ទៅ១៥ម៉ឺន ឬ រហូតដល់២០ម៉ឺនរៀលឯណោះ។
ហើយមិនមែនបង់តែមន្ត្រីគយមួយកន្លែងនេះទេ នៅបង់ឲ្យពួកកុងត្រោលជជុះបណ្ដាក់គ្នាដូចខ្យងហូរហែ នៅតាមដងផ្លូវជាបន្តបន្តាប់ទៀត ទម្រាំទៅដល់ទីផ្សារ។ ដូច្នេះ ធ្វើឲ្យពួកគាត់មិនអាចលក់ប្រាក់ចំណេញទេ។
ក្រុមអ្នកដឹកផ្លែឈើបានបញ្ជាក់បន្ថែមថា ពួកគាត់ដែលមកតវ៉ានេះ គឺសុំឲ្យមន្ត្រីគយបន្ធូរបន្ថយតំលៃមកនៅត្រឹមពី៥ម៉ឺន ទៅ៦ម៉ឺនរៀល ក្នុងរថយន្តមួយគ្រឿង តែខាងភាគីគយមិនយល់ព្រមតាមការស្នើសុំទេ។
នៅកន្លែងប្រមូលផ្ដុំគ្នាតវ៉ាខាងលើនេះ គេឃើញលោកអភិបាលរងស្រុកកំរៀងម្នាក់ បានចុះអន្តរាគមន៍ ជួយសម្របសម្រូលរវាងភាគីគយនិងក្រុមឈ្មូញដឹកផ្លែឈើ។ ប៉ុន្តែបើតាមមន្ត្រីរដ្ឋបាលស្រុកកំរៀង បាននិយាយថា ភាគីទាំង០២មិនបានត្រូវរ៉ូវគ្នាទេ បើទោះជាអាជ្ញាធរស្រុក បានប្រឹងប្រែងជួយសម្របសម្រួលក្ដី៕