សង្គម

ចុះបង្ក្រាបសង្វៀនជល់មាន់ បៀរ អាប៉ោង តៃស៊ីវ នៅចំណុចស្ពានព្រែកសែម ចាប់បានតែសត្វមាន់ មនុស្សរត់អស់ !

កណ្តាល ៖ ដោយទទួលបានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមធ្វើការឆ្លើយតបចំពោះសាធារណជន និងបណ្តាញសារព័ត៌មាន ដែលបានផ្សព្វផ្សាយមានខ្លឹមសារថា «សង្វៀនជល់មាន់ បៀរ អាប៉ោង តៃស៊ីវ បើកលេងយ៉ាងរលូន នៅចំណុចស្ពាន ៦៨ ហៅស្ពានព្រែកសែម ខាងក្រោយភូមិ ក្នុងចំការស្វាយ ចូលតាមគល់ស្ពានខាងជើងរហូតហួសស្ពានដែកមួយទៀត ចម្ងាយប្រហែលជាង១០០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ បើកជល់លេងជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋស្នើអាជ្ញាធរ និងសមត្ថកិច្ចធ្វើការបង្ក្រាប»។

ក្រោយពីទទួលបានព័ត៌មានខាងលើរួច និងមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានដាក់បទបញ្ជាអោយផ្នែកជំនាញ និងប៉ុស្តិ៍រដ្ឋបាលសំពៅពូន ចុះពិនិត្យស្រាវជ្រាវ បង្ក្រាបករណីខាងលើជាបន្ទាន់ ។

ជាលទ្ធផល៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលជំនាញស្រុកកោះធំ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន បានចុះទៅបង្ក្រាបដល់ចំណុចទីតាំងជល់មាន់ខាងលើ ត្រង់ដីចម្ការស្វាយខាងក្រោយភូមិពុំស្គាល់ម្ចាស់ ស្ថិតក្នុងភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដោយបានដកហូតវត្ថុតាងដូចជា ៖

១-មាន់ជល់ចំនួន០១ក្បាល ។

២-ម៉ូតូចំនួន ០១គ្រឿង ម៉ាកHonda Dream C125 សេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1AE-9606 ។

៣-ស្កុតរុំខ្នាយមាន់មួយចំនួន។ ដោយឡែក ជនសង្ស័យជាអ្នកលេងល្បែងជល់មាន់ទាំងនោះបាននាំគ្នារត់គេចខ្លួនអស់មុនពេលសមត្ថកិច្ចចុះទៅដល់ ។ ចំពោះមធ្យោបាយពាក់ព័ន្ធបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកោះធំ បន្តចាត់ការតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *