ព័ត៌មានជាតិ

ព្រំដែនកម្ពុជា-ថៃ ផ្តើម​បើក​ឡើងវិញ​នៅថ្ងៃនេះ

នៅថ្ងៃទី១៣ ខែសីហានេះ ព្រំដែនប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ថៃ នឹង​បើក​ឡើងវិញ​ហើយ ក្រោយ​ពីបានបិទ​អស់រយៈ​ពេល​១៤ថ្ងៃ ជា​វិធានការ​ដើម្បីទប់ស្កាត់ការឆ្លង​រាលដាល នៃជំងឺកូវីដ១៩ ប្រភេទ​ដែលតា។

យោងតាមលិខិតរបស់អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ផ្ញើជូនអភិបាលខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី១២ ខែសីហា ថាវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនរយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទ “ដែលតា” (Delta) បានបញ្ចប់ហើយកាលពីវេលាម៉ោង២៣និង៥៩នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

ជាមួយ​នឹង​ការ​បើក​ព្រំដែនឡើងវិញនេះ អាជ្ញាធរខេត្តជាប់ព្រំដែន ក៏​បានរៀបចំ​កម្លាំងចម្រុះ ក៏​ដូចជាមន្រ្តីសុខាភិបាល ក្នុង​ការយកសំណាក និង​ពិនិត្យសុខភាព​របស់ពលករ​ខ្មែរ ដែលនឹងវិលត្រឡប់ចូលប្រទេសវិញផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកក្កដា រដ្ឋាភិបាលកម្ពុជាបានសម្រេច​បិទខ្ទប់​ខេត្តចំនួន៨​ ដែលរួមមាន​ ខេត្ត​កោះកុង​ ពោធិ៍សាត់​ បាត់​ដំបង​ ប៉ៃលិន​ បន្ទាយ​មាន​ជ័យ​ ឧត្តរ​មានជ័យ​ ព្រះវិហារ​ និង​ខេត្ត​សៀម​រាប ក្នុងនោះ​ក៏​មានការ​បិទព្រំដែនជាមួយ​ប្រទេសថៃ រយៈពេល១៤​ថ្ងៃ ចាប់ពីថ្ងៃទី២៩​ កក្កដារហូត​ដល់ថ្ងៃទី១២​ សីហា ឆ្នាំ២០២១ ដើម្បី​ទប់ស្កាត់​ការនាំចូល​មេរោគ​កូវីដ១៩​បំប្លែងថ្មី​ឈ្មោះដែលតា​ចូលទៅ​ក្នុងសហគមន៍​។

កាលពីថ្ងៃទី១១ ខែសីហា រាជរដ្ឋាភិបាលកម្ពុជា​ បានចេញសេចក្តីប្រកាសមួយដោយមិនបន្តអនុវត្តវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនចំនួន៧ និងខេត្តសៀមរាប ទៀតនោះទេ។ ប៉ុន្តែរដ្ឋាភិបាលបានបន្តអនុវត្ត «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩» នៅទូទាំងប្រទេស រយៈពេល៧ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *