សង្គម

ម្សិលមិញសមត្ថកិច្ចឃាត់ខ្លួនមនុស្ស​៥នាក់នៅបាត់ដំបង ពាក់ព័ន្ធករណីល្បែងទឹកភ្លៀង

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅរសៀលថ្ងៃអាទិត្យ (៨ សីហា) ម្សិលមិញ កម្លាំង​ការិយាល័យ​នគរ​បា​ល​​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ សហការ​ណ៍ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​បាត់ដំបង​ បានចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ (​ ភ្នាល់​ទឹកភ្លៀង​)​ចំនួន​០២​ ចំណុច​គឺ​នៅ​ចំណុច​ភូមិ​អញ្ចាញ​ សង្កាត់​អូរចារ​ ក្រុងបាត់​ដំបង​ និងចំណុច​ក្នុង​ព្រលាន​យន្តហោះ​ ស្ថិតក្នុង​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ដោយ​ឃាត់ខ្លួន​អ្នកប្រព្រឹត្ត​ចំ​នួន​០៥​នា​ក់​​រួមទាំងរថយន្ត និងសម្ភារៈពាក់ព័ន្ធមួយចំ​នួនទៀតមក​កាន់​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​។

វត្ថុតាងដែលសមត្ថកិច្ច​ដកហូតនោះ​រួម​មាន​ ៖​ ទូរស័ព្ទ​ដៃ​ ចំនួន​ ០៧​ គ្រឿង​,​ វិទ្យុ​ទាក់ទង​ចំនួន​ ០៥​ គ្រឿង​ និងរថយន្ត​ចំនួន​ ០៣​ គ្រឿង​ ។

បើតាមការលើកឡើងរបស់ស្នងការដ្ឋាននគបាលខេត្តបាត់ដំបងលើកឡើងថា ករណីល្បែងភ្នាល់ទឹកភ្លៀងនេះ​ កន្លងទៅសមត្ថកិច្ចធ្លាប់បានធ្វេីការបង្រ្កាប​ ជារឿយៗ​ហេីយថែមទាំងបានឃាត់ខ្លួនអ្នកប្រព្រឹត្ត​បញ្ជូន​ទៅកាន់អ​យ្យកា​រ​អមសាលាដំបូងអនុវត្តតាមច្បាប់ទៀតផង​ តែអ្នកប្រព្រឹត្ត​មួយចំនួ​ន មិ​នបាន​បោះបង់នោះទេ​ ក្នុងនោះ​ ពួកគាត់បានផ្លាស់​ប្តូររូបភាពពីការប្រមូលផ្តុំគ្នាច្រេីន​ៗ ទៅជារូបភាពតូចៗ​ នៅតាមទីវាលស្រែ​ឆ្ងាយ ឬទីឆ្ងាយស្រឡះ​ ដេីម្បីមេីលមេឃ​ និងបានឃេីញជាមុន​ក្នុងករណី​ពេលមានការចុះបង្រ្កាបពីសំណាក់សមត្ថកិច្ច។

យ៉ាងណាក៏ដោយ អ្នកប្រព្រឹត្តល្បែងភ្នាល់ទឹកភ្លៀងទាំង៥នាក់ខាងលើ ​ព្រមទាំងសម្ភារៈ​ភស្តុតាងផង​​ការិយាល័យ​ជំនាញ​កំពុង​កសាងសំណុំ​រឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​-ច្បាប់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *