ក្រសួងអប់រំ ព្រមានផ្អាកការគាំទ្រថវិកា ចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះ បានធ្វើការព្រមានដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយថានឹងផ្អាកការគាំទ្រថវិកាទាំងស្រុង និងលុបប្រកាសស្តីពីការអនុញ្ញាតឲ្យសហព័ន្ធមួយនេះបំពេញភារកិច្ចចេញពីបញ្ជីសហព័ន្ធកីឡាជាតិ ប្រសិនបើកើតមាននូវបញ្ហាមិនប្រក្រតីម្តងទៀត។
បញ្ហាមិនប្រក្រតី គឺបានកើតឡើង កាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ ចំពោះការវិនិច្ឆ័យការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់គោជល់ ប្រភេទទម្ងន់ ៦០គីឡូក្រាម រវាងកីឡាករ ឃឹម បូរ៉ា និងកីឡាករ ម៉ឺន មេឃា នៅស្ថានីយ៍ទូរទស្សន៍ CNC ដោយមិនបានអនុវត្តតាមបទបញ្ជា នៃការប្រកួត ក្បួនច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈកីឡា។