ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

សម្តេចតេជោតេស្ត​រកឃើញ​វិជ្ជមាន​កូវីដ១៩ ពេលទៅដល់ឥណ្ឌូនេស៊ី

តាមរយៈ​បណ្តាញ​សង្គម​នៅព្រឹក​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២២នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់ថា ពេលនេះ​សម្តេច​មាន​វិជ្ជមាន​ជំងឺផ្លូវដង្ហើម​កូវីដ១៩ ក្រោយ​ពី​បានធ្វើតេស្ត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី មុន​កិច្ច​ប្រជុំ G20។

សម្តេចតេជោបាន​សរសេរ​នៅ​លើទំព័រហ្វេសប៊ុកផ្លូវការ​របស់សម្តេចថា «មុនចេញពីកម្ពុជាខ្ញុំធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរមកខ្ញុំធ្វើរហ័សមុនឡើងយន្តហោះតែពុំមានឃើញអ្វីនោះឡើយ។ ខ្ញុំមិនច្បាស់ថាមេរោគនេះមកនៅជាមួយខ្លួនខ្ញុំចាច់ពីពេលណាមកនោះឡើយតែអ្វីដែលច្បាស់ពេលមកដល់

ពេទ្យឥណ្ឌូនេសុីយកសំណាកពេលល្ងាចលុះព្រឹកឡើងបញ្ជាក់ថាវិជ្ជមានកូវីដ.១៩ ដែលយើងត្រូវតែទទួលស្គាល់បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៍ដោយ»។

សម្តេចតេជោបន្តថា បានបញ្ជាក់ថា ដោយសារ​បញ្ហា​នេះ និង​ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំ សម្តេច​បាន​សម្រេចឱ្យ​យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ចំណែកឯតំណាងប្រទេសអាស៊ាន យើង​កំពុងចរចាប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង។

ជាមួយ​គ្នា​នេះ អ្វី​ដែលសម្តេចសោកស្តាយ គឺការអាក់ខានក្នុង​ជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិននិងប្រធានាធិបតីបារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំ APEC។

យ៉ាងណាក៏ដោយ សម្តេចតេជោ​គ្រោង​នឹង​ត្រឡប់​មក​កម្ពុជាវិញ​នៅ​ល្ងាចថ្ងៃនេះ ហើយ​សម្តេច​នឹង​បន្ត​ធ្វើ​ការ​ធម្មតា​លើក​លែង​តែការ​ទទួលភ្ញៀវ៕