ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

នាយករដ្ឋមន្ត្រីបានមកដល់កម្ពុជាវិញហើយក្នុងស្ថានភាពសុខភាពធម្មតា

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីរចាកចេញពីប្រទេសឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះ។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាបានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញម៉ោងប្រមាណ ៧យប់ថ្ងៃទី១៥ ខែវិច្ឆិកានេះ។

ចុះពីលើយន្តហោះសម្ដេចតេជោនៅតែមានស្ថានភាពសុខភាពល្អរឹងមាំធម្មតា ស្ទើរតែមិនដឹងថា សម្ដេចមានជំងឺកូវីដ-១៩ នោះទេ។

នេះជាការត្រឡប់មកវិញដោយពុំមានការព្រៀងទុកបន្ទាប់ពីសម្ដេចតេជោត្រូវបានក្រុមគ្រូពេទ្យប្រទេសឥណ្ឌូនេស៊ីរកឃើញថាមានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩។

គួរឱ្យដឹងផងដែរថាសម្ដេចតេជោត្រូវបានក្រុមគ្រូពេទ្យនៃប្រទេសឥណ្ឌូនេស៊ីបានរកឃើញថាមានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ទោះជាយ៉ាងណាសម្ដេចតេជោបញ្ជាក់ថាស្ថានភាពរបស់សម្ដេចគឺធម្មតាពុំមានរោគសញ្ញាឬក៏សញ្ញាណាមួយនៃជំងឺនេះនោះទេ ហើយសម្ដេចនៅតែរក្សាការងារជាប្រក្រតីលើកលែងតែជួបភ្ញៀវប៉ុណ្ណោះ៕