ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ជំនន់​នៅ​ខេត្ត​ប៉ៃលិន លិច​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​៧០ខ្នង និង​បន្ត​កើន​ឡើង​ទៀត

ក្រសួងធនធានទឹក និងឧត្តុនិយមបានអោយដឹងថា ខេត្តប៉ៃលិន ក្រោយពីភ្លៀងធ្លាក់យ៉ាងគំហុកមួយមេ ក្នុងកម្រិតពី ( ៥០,០មម ទៅ ៦៥.០មម ) ក្នុងស្រុកសាលាក្រៅ កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ គិតត្រឹមវេលាថ្ងៃត្រង់នេះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ ដល់លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណជាង ៧០ខ្នងផ្ទះ ( បន្តកើនឡើងទៀត ) ដីកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងស្រុកសាលាក្រៅ ។

យ៉ាងណាក៏ដោយ​ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើលំនៅដ្ឋានប្រជាពលរដ្ឋ ដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចាត់ចែងមន្ត្រីប្រចាំការតាមគោលដៅសំខាន់ៗ ដើម្បីតាមដានស្ថានភាពទឹក និងបានបើកទ្វារទឹកតាមសំណង់នានា ក្នុងគោលបំណងរំលួសទឹកចេញពីក្នុងអាង និងអូរនានា ទុកជាមុន ៕